Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំចំនួន ៤ចំណុច ដែលជាក្តីសង្ឃឹមរបស់យើងក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ស្តីពី «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ដូចដែលក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជនរួមជាតិ និងសហគមន៍អន្តរជាតិ បានជ្រាបរួចហើយអំពីការបន្តសកម្មភាពគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិអំពីជំហរដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូតនិងច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំដែលជាក្តីសង្ឃឹមរបស់យើងក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខដូចតទៅនេះ៖

ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់លើពិភពលោក គឺជាជំហរដែលស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។

ទី២៖ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះខ្សែព្រំដែនរវាងកម្ពុជានិងថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាមូលដ្ឋានដ៏រឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយើងដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាអាចបំពានបានឡើយ។

ទី៣៖ តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង។

ទី៤៖ កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។

ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាព និងភាពស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លានិងរឹងមាំបំផុតរបស់ព្រះសង្ឃ មន្ត្រីរាជការ វីរៈកងទ័ពនិងវីរៈកងកម្លាំងនគរបាលជាតិដ៏អង់អាចក្លាហាននិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីប្រឆាំងនឹងការបំពាន ទន្ទ្រានកាន់កាប់ដោយកម្លាំងយោធាពីសំណាក់យោធាថៃ។ នេះគឺជាកម្លាំងចលករសំខាន់និងធំធេងណាស់សម្រាប់ការពារទឹកដីយើង។

សរុបមកវិញ កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ។ ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន។ ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន។ ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥។

ដូច្នេះ ផ្លូវដែលយើងកំពុងដើរឈានទៅការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គឺជាផ្លូវដែលយើងត្រូវមានសុទិដ្ឋិនិយមបំផុត។

ជាចុងក្រោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមទាក់ទាញចំណាប់អារម្មណ៍បងប្អូនជនរួមជាតិថា អ្នកដែលចង់បានទឹកដីយើងបាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់យើងពីព្រោះពួកគេយល់ឃើញថា ទាល់តែពួកគេបំបែកកម្លាំងដ៏រឹងមាំនេះបានទើបគេងាយស្រួលក្នុងការសម្រេចមហិច្ឆតាបំពាន ទន្ទ្រានទឹកដីយើង។ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសក៏បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្មឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ប្រទេសដែលកំពុងបំពាន និងទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា។

ប៉ុន្តែ ជាភ័ព្វសំណាងដែលបងប្អូនប្រជាពលរដ្ឋយើងចេះបែងចែកអាក្រក់និងល្អ សនិងខ្មៅ ហើយបានផាត់ចេញភ្លាមដោយស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រដ៏អាក្រក់នេះមិនឱ្យចូលមកបំពុលសតិអារម្មណ៍របស់ខ្លួនបានឡើយ។ សូមបងប្អូនចងចាំថា កម្លាំងសាមគ្គីឯកភាពជាតិដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលយើងត្រូវប្រើនៅក្នុងដំណាក់កាលនេះ និងផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយើងដែលមានជំហរយ៉ាងប្តូរផ្តាច់និងច្បាស់លាស់បំផុតក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីឱ្យបានតាមផ្លូវការទូតនិងច្បាប់អន្តរជាតិ។ នេះជាក្តីសង្ឃឹមនិងជាផ្លូវដ៏ត្រឹមត្រូវដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ជាតិយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×