ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ទឹកដីរបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ និងគ្មានអ្នកណាអាចរំលោភបំពានបានឡើយ ពីព្រោះខ្សែព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍អន្តរជាតិ និងឯកសារនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា។
“ជំហរដ៏ច្បាស់លាស់ និងចាស់ទុំរបស់ថ្នាក់ដឹកនាំកម្ពុជា មិនដែលប្រែប្រួលឡើយ ពោលគឺការដោះស្រាយបញ្ហាដោយឈរលើយន្តការការទូត និងផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសការទូតទន់ភ្លន់ និងម៉ឺងម៉ាត់ ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺជំហរការទូតតាមបែបសន្តិសហវិជ្ជមាន ដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដែលស្របទាំងស្រុងនឹងជំហររបស់អន្តរជាតិ។” ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



