Tuesday, January 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើងនិងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនដែលជាអំពើខុសច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើងនិងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនដែលជាអំពើខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ចំណែកការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិទាំងស្រុង។

ឯកឧត្តម ប៉ែន បូណា បានបន្តថា ៖ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគ្មានតម្លៃតាមផ្លូវច្បាប់និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។ សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃបែបនេះផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាស្មារតីនៃកិច្ចព្រមព្រៀងដែលមានកាលពីពេលកន្លងមក។ ចំណែកឯការដាក់ពង្រាយទូរកុងតឺន័រ ការរាយបន្លាលួស ឬដោតទង់ជាតិ គឺជាសកម្មភាពបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមិនអាចទទួលយកបានឡើយ។

ទាហានថៃបាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។ ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិលកាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លីនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។ អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ឯកឧត្តមបានបន្ថែមទៀតថា ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏ដូចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញយ៉ាងច្បាស់ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ខណៈដែលការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុតាងបានបង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិជនស៊ីវិលកម្ពុជានៅក្នុងតំបន់ដែលខ្លួនបានហ៊ុមព័ទ្ធ ដែលជាសកម្មភាពអមនុស្សធម៌មិនអាចទទួលយកបាន និងត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×