ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន សរុបទាំងពីរលើកមានចំនួនជិត១០០ឈុតដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទ ទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។
ក.អ.ក មើលឃើញថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះនៅតែមិនទាន់បានគ្រប់ចំនួន អ្នកសារព័ត៌មានដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្ដោយព្រំដែនដែលមានជម្លោះ ឬទីកន្លែង ងាយរងគ្រោះនោះឡើយ។ ប៉ុន្តែ ក.អ.ក នឹងខិតខំបន្តស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីបំពេញតម្រូវការចាំបាច់ របស់អ្នកសារព័ត៌មាន។
ក.អ.ក សូមថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេសដល់ក្រុមហ៊ុនបុរីប៉េងហួត ដែលបានឧបត្ថម្ភ អាវក្រោះ មួកសុវត្ថិភាព និង Power Bark ដែលជាការគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្ម យកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។
ក.អ.ក កោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្ដី រាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលនោះមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារសំខាន់សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជាថែមទៀត។
អ្នកសារព័ត៌មានដែលចុះយកព័ត៌មានក្នុងអំឡុងពេលមានសង្គ្រាម ត្រូវបានការពារដោយច្បាប់អន្តរជាតិថា
ជាជនស៊ីវិល ព្រោះពួកគាត់ដើរតួនាទីជាអ្នកផ្ដល់ព័ត៌មានដល់ពិភពលោកឱ្យដឹងពីហេតុការណ៍ដែលបានកើតឡើងនិងកំពុង កើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងតួនាទីជាកងទ័ព ឬកាន់អាវុធឡើយ ហើយក៏ត្រូវបានហាមមិនឱ្យផ្ដល់ព័ត៌មាន ទាក់ទងនឹងលេណដ្ឋាន ការចល័តទ័ព ផ្តល់ព័ត៌មានបែបជាយុទ្ធសាស្ត្រទ័ព ឬបែបចារកម្ម និងព័ត៌មានទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់ជនស៊ីវិល។ ល។
រយៈពេល២១ថ្ងៃ នៃការវាយប្រហារដោយទាហានថៃមកលើកម្ពុជាបានធ្វើឲ្យជនស៊ីវិលស្លាប់៣២នាក់ និងរងរបួស ៩៥នាក់ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផងដែរ ខណៈជនភៀសសឹកសរុបមានជាង ៦៤០.០០០នាក់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី








