Tuesday, January 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ គោលដៅ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ គឺ​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ និង​មិន​ចង់ឃើញ​​ប្រជាជន​កម្ពុជា​ស្លាប់​និង​រង​របួស​ឡើយ​

សៀមរាប​ ៖ ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ និង​លោក​ FAN Manjiang ភារធារី​​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ក្នុង​​ពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ​ ដែល​កម្មវិធី​ផ្សព្វផ្សាយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។

​លោក​ FAN Manjiang បាន​ថ្លែង​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ និង​ប្រពៃណី​រវាង​កម្ពុជា​ និង​ចិន​ ហើយ​ប្រទេស​ចិន​នឹង​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​កសាង​សន្តិភាព​ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​ត​ទៅ​មុខ​ទៀត​។ ថ្មីៗ​នេះ​ ​ជាក់ស្តែង​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ ។

លោក​ FAN Manjiang បញ្ជាក់​ទៀត​ថា​ ការ​គាំទ្រ​សកម្មភាព​មីន​មនុស្ស​ធម៌​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ចិន​មក​លេី​កម្ពុជា​ ហើយ​ប្រទេស​ចិននឹង​បន្ត​សកម្មភាព​នេះ​ ដោយ​​​ចង់​ឃើញ​ប្រជាជន​កម្ពុជា​ទទួល​បាន​សុខ​សុវត្ថិភាព​ និង​រួច​ចាក​ផុតពី​ការ​គំរាមកំហែង​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ ទាំង​នោះក្រោយ​សង្រ្គាម​បាន​បញ្ចប់​​។

ក្នុង​ឱកាស​នោះ​ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​ប្រទេស​ចិន​ ដែល​តែងតែ​គាំទ្រ​ដល់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​។ ជាពិសេស​ ថ្មីៗ​នេះ​ ប្រទេស​ចិន​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​ហ្វ៊ូសៀន​ដែល​នឹង​នាំ​ស្ថានការណ៍​ឆ្ពោះ​ទៅ​រកសន្តិភាព​ ព្រមទាំង​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាជន​ភៀសសឹក​ ទៀត​ផង​។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែង​នូវ​ការ​ដឹងគុណ​ដល់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ដែល​ខិតខំ​ប្រឹងប្រែង​រិះរក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ទាំង​ការងារ​នយោបាយ​ និង​ការ​ទូត​ ដេីម្បី​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​ និង​បញ្ចប់​នូវ​សោកនាដកម្ម​ពី​ការ​ឈ្លានពាន​របស់​ថៃ​មក​លេី​កម្ពុជា​។ ឯកឧត្ដម​បញ្ជាក់​ទៀត​ថា គោលដៅ​របស់​សម្តេច​ធិបតី​ គឺ​មិន​ចង់​អោយ​មាន​សង្រ្គាម​ និង​មិន​ចង់​អោយ​ប្រជាជន​កម្ពុជា​ស្លាប់​និង​របួស​ទេ​ ពោល​គឺ​ចង់​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ និងចង់​ឱ្យ​ប្រជាជន​កម្ពុជា​រស់​នៅ​ក្រោម​សន្តិភាព​ និង​ទទួល​បាន​ការ​អភិវឌ្ឍ​គ្រប់​គ្នា​ៗ។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បាន​លេីក​ឡេីង​ទៀត​ថា​ ការ​អប់រំ​យល់ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ គឺ​ជា​កិច្ចការ​ចាំ​បាច់​មួយ​ដែល​ សម្តេច​ធបតី​ នាយក​រដ្ឋមន្ត្រី​ យក​ចិត្ត​ទុកដាក់​ខ្ពស់​ ក្នុង​ការ​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​ភៀសសឹក​ ក្រោយ​វិលត្រឡប់​ទៅ​លំនៅឋាន​ និង​ការ​បន្ត​សកម្មភាព​ប្រចាំ​ថ្ងៃ​​វិញ​។ ជាមួយ​គ្នានេះ​ ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ អាជ្ញាធរ​មីន​ បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ទាំងអស់​ ជំរុញ​ចាត់​​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដល់​ប្រជាជន​ភៀស​សឹក​ ដេីម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​គ្រោះ​ថ្នាក់​ជាយកថាហេតុ​ណា​មួយ​បង្ក​ឡើង​ដោយ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​បន្សល់​ទុក​ដោយ​យោធា​ថៃ​។

កម្មវីធី​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌល​ជន​ភៀស​សឹក​ក្នុង​វត្តប្រាសាទនាគគូរ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ​ ស្រុក​បន្ទាយ​ស្រី​ ខេត្តសៀមរាប​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ រដ្ឋបាល​ខេត្តសៀមរាប​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ និងប្រតិបត្តិ​ករ​សកម្មភាព​មីន​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×