Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការទូត​បែ​ល​ហ្សិក​៖ កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ស្ថិរភាព និង​លក្ខណៈ​អំណោយផល​ជាងគេ​ក្នុង​តំបន់ សម្រាប់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​

spot_img

​ភ្នំពេញ ​៖ លោក ហ្វី​លីព គ្រី​ដេល​កា (Phillippe Kridelka) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​បែ​ល​ហ្សិក និង​លោក ហ្វី​លីព កូអា​ទេស (Philip Coates) នាយក​ប្រតិបត្តិ​សភាពាណិជ្ជកម្ម​បែ​ល​ហ្សិក​-​លុច​ហ្សំ​បួ​រ​-​ថៃ បាន​គូសបញ្ជាក់ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ និង​លក្ខណៈ​អំណោយផល​ជាងគេ​ក្នុង​តំបន់ ហើយ​វិនិយោគិន​បែ​ល​ហ្សិក​ជាច្រើន កំពុង​សម្លឹង​រកមើល​ឱកាស ដើម្បី​ចូល​មក​វិនិយោគ និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

​បេសកជន​ទាំងពីរ បាន​អះអាង​ដូច្នេះ នា​ឱកាស​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក​ហ្វី​លីព គ្រី​ដេល​កា និង​លោក ហ្វី​លីព កូអា​ទេស បាន​កោត​ស​សើរ អំពី​លក្ខណៈពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ និង​វឌ្ឍនភាព​របស់​កម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​បរិយាកាស​វិនិយោគ​ដ៏​គួរឱ្យ​ទាក់ទាញ​។ បេសកជន​ទាំងពីរ ក៏​បាន​គោរព​អញ្ជើញ​លោក​រដ្ឋមន្ត្រី ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​បែ​ល​ហ្សិក ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែ​ធ្នូ​ខាងមុខ ដើម្បី​ជំរុញ​កិច្ចសហការ រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ឯកភាព​ចូលរួម និង​បាន​ថ្លែងអំណរគុណ​ចំពោះ លោក ហ្វី​លីព គ្រី​ដេល​កា និង​លោក ហ្វី​លីព កូអា​ទេស ដែល​បាន​គាំទ្រ និង​ផ្តល់​ភាព​ជឿជាក់​មកលើ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​បេសកជន​ទាំងពីរ អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា គោលនយោបាយ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ចំពោះ​វិនិយោគិន​បរទេស​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​អត្ថប្រយោជន៍ តំបន់​សេដ្ឋកិច្ច​ពិសេស និង​សួន​ឧស្សាហកម្ម Techno Park ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ធ្វើការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ផ្តល់​ដោយ​ប្រទេស​ចំនួន ៣២ រួមទាំង​សហគមន៍​អឺរ៉ុប​ផង​ដែរ​។​

​លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏​បាន​ចែករំលែក​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា ឱ្យទៅ​ជា​ប្រទេស មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ព្រមទាំង​ទស្សនទាន ក្នុង​ការត្រៀមខ្លួន​របស់​កម្ពុជា ដើម្បី​ទប់ទល់​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​

​សូមជម្រាបថា ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​បែ​ល​ហ្សិក បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​សា​ឡើង​វិញ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៩២​។ បច្ចុប្បន្ន ប្រទេស​ទាំង​ពីរ បាន​ក្លាយជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បាន​កំពុង​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​សៃវៀន​អន្តរជាតិ​។ កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បែ​ល​ហ្សិក សម្រេចបាន ៤១១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​សម្រាប់​រយៈពេល​៧​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ មាន​ចំនួន ២៩២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕ ដោយ ​៖​ កូឡាប​

spot_img
×