ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ អ្នកស្រីបណ្ឌិត សាង លី(Sang Lee) នាយិកាប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ(WWF) និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងភាពជាដៃគូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់អង្គការ WWF ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរវាងស្ថាប័នទាំងពីរនូវការងារអភិរក្សជីវចម្រុះ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លេីការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អង្គការ WWF បន្តកិច្ចសហប្រតិបត្តិការលេីការងារអភិរក្សនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាថែមទៀត បង្កេីនទំនុកចិត្ត និងបុរេសកម្មជាមួយគ្នា ក្នុងស្មារតីសម្លេងតែមួយ គោលដៅតែមួយ៕រក្សាសិទ្ធដោយ៖សុទ្ធលី







