ភ្នំពេញ ៖ ថ្ងៃ៧ខែមករាឆ្នាំ១៩៧៩-ថ្ងៃ៧ខែមករាឆ្នាំ២០២៦ ជាខួបលើកទី៤៧ នៃទិវាជ័យជម្នះប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ដែលបានកាប់សម្លាប់ និងធ្វើឱ្យយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។
ដោយសារកម្ពុជាយើងស្ថិតនៅក្នុងស្ថានភាពលំបាក រងគ្រោះពីការឈ្លានពានអធិបតីពីប្រទេសថៃ យើងមិនបានរៀបចំពិធីមីទ្ទីងអធិកអធមដូចរាល់ឆ្នាំ តែប្រជាពលរដ្ឋ និងអាជ្ញាធរនៅតាមមូលដ្ឋាន បានរៀបចំពិធីតូចៗ ដើម្បី រំលឹកនូវអនុស្សាវរីយ៍ថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត ដែលបានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នា ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តប្រទេសជាមិត្ត ដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធ តស៊ូ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានពួតដៃគ្នាការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ។
ជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានកើតចេញពីកម្លំាងចលនាតស៊ូមហាជនស្នេហាជាតិ ក្រោមការដឹកនាំរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ បានផ្តល់ឱកាសពេញលេញដល់យើងក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការវិវឌ្ឍ រីកចម្រើនលូតលាស់ជាបន្តបន្ទាប់ ។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជនរួមជាតិថែរក្សាស្មារតី៧មករា ក៏ដូចជាថែរក្សាសុខសន្តិភាព ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងរុងរឿងថែមទៀត នាពេលខាងមុខនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











