ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
«ឧត្តមភាពមន្ត្រី» ជាមុខវិជ្ជាដាក់បន្ថែមក្នុងការបណ្តុះបណ្តាលមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល។ មុខវិជ្ជាឧត្តមភាពមន្ត្រីនេះ សិក្សាដោយផ្តោតទៅលើបុព្វហេតុនៃការក្លាយជាមន្ត្រីរាជការ កាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃមន្ត្រីរាជការ ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ វប្បធម៌ការងារស្ថាប័នសាធារណៈ និងការផ្សារភ្ជាប់នូវឧត្តមគតិរបស់មន្ត្រីរាជការទៅនឹងទស្សនៈសង្គមជាតិ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីសិក្សាឈ្វេងយល់អំពីឧត្តមានុវត្តន៍ ក្នុងវិស័យសាធារណៈ។
ក្នុងមតិស្វាគមន៍នៃបាឋកថានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមនាយក បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែក រំលែកចំណេះដឹង និងបទពិសោធជូនដល់អង្គពិធី។ ការគាំទ្រ និងរួមចំណែករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ ក្នុងការជួយពង្រឹងដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសាធារណៈ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនាយក ក៏បានបញ្ជាក់ថា តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើ វិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន ដូចក្នុងកម្មវិធីបាឋកថានាព្រឹកនេះស្តីពី «ឧត្តមភាពមន្ត្រី» ដែលជាប្រធានមួយដ៏មានសារៈសំខាន់។
ជាការពិត «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តមក៏បានស្នើដល់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងរៀនសូត្រអំពីការចែករំលែករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីបង្កើននូវពុទ្ធិផ្ទាល់ខ្លួន និងប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមាន ប្រសិទ្ធភាព នៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី







