Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ៖ នាយប់ថ្ងៃទី៧ ខែមករា ថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ចំនួន២៧គ្រឿង

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានតាមដាននិងកត់សម្គាល់ទុកថា នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និង ខេត្តព្រះវិហារ មាន២៥គ្រឿង។ នេះបើតាមសេចក្តីប្រកាសព័ត៍មាន ក្រសួងមហាផ្ទៃស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ជារួម មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់
សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោលជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ (១)បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព យោធាប្រកបដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា (២)ដកបុគ្គលិកនិង សម្ភារយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ (៣)គោរពអាណត្តិ របស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខ័ណ្ឌសីមាព្រំដែនដោយផ្អែកលើ
កិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ និង(៤)គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការ ព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្ដីប្រកាសរួម ស្ដីពីសន្តិភាព និងការដោះស្រាយជម្លោះ ដោយសន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចធិបតី ប៊ុន មាំណត ទាំងយុទ្ធសាស្ត្រការពារជាតិ និងនយោបាយការទូត ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស សារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ថា កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើយ ដោយជន រួមជាតិគ្រប់រូបត្រូវបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ បឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គធំប៉ុណ្ណាឡើយ។ អាស្រ័យហេតុនេះ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុម ជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្ត ដើម្បី ធានាសន្តិភាពយូរអង្វែង ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យខានតែបាន។ សូមជនរួមជាតិ បន្តស្មារតី ព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×