Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ(ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦) មានជនភៀសសឹកសរុបជាង ៤៦ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗ។

ឯកឧត្តមប៉ែន បូណា បានថ្លែងបន្តទៀតថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។
ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ នៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។
សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ។ ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានចំណាយកម្លាំងកាយ ចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាមិនចេះរីងស្ងួតក្នុងសង្គមខ្មែរ ជាពិសេសប្រពៃណីជួយគ្នាក្នុងគ្រាជួបការលំបាក។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ មានចែងអំពីភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិជ្រាបថា ថ្នាក់ដឹកនាំរបស់យើង ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងមានប្រសាសន៍បញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ពាក្យពេចន៍ទាំងនេះដែលបញ្ជាក់ពីបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំកម្ពុជា តែងលឺរងំក្នុងត្រចៀកនិងដិតជាប់ក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កន្លងទៅនេះ មិនមែនជាបំណងប្រាថ្នាហើយរឹតតែមិនមែនជាជម្រើសរបស់កម្ពុជាសោះឡើយ។ កម្ពុជាបានប្រកាន់យកការអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត និងគ្រាន់តែប្រើសិទ្ធិស្វ័យការពារខ្លួន និងខិតខំការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដីទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្មដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។ ការសម្រេចបានបទឈប់បាញ់ពីរលើក និងការឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ គឺជាលទ្ធផលជាក់ស្តែងដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់បាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនឡើងវិញថា កម្ពុជាស្រឡាញ់និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុត។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
កម្ពុជាក៏មិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំថា កម្លាំងមហាសាមគ្គីជាតិនិងការចងចាំប្រវត្តិសាស្ត្រ គឺជាខ្សែការពារជាតិរឹងមាំបំផុតរបស់កម្ពុជាដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សាមគ្គីរស់ សាមគ្គីឈ្នះ» ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×