នាសាធារណរដ្ឋបារាំង វេលាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលេីត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ស្តេចយាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធសួនច្បារ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងខេត្ត Aisne ដែលទីកន្លែងនេះជាចំណុចចាប់ផ្តេីមនៃជំនួបចរចារស្វែងរកសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៅឆ្នាំ១៩៨៧ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពីសង្រ្គោមដ៏រាំរៃនៅកម្ពុជា ហេីយដែលជាបន្តបន្ទាប់អាចសម្រេចបាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ជាមូលដ្ឋានគ្រឹះដ៏សំខាន់បេីកផ្លូវដល់កម្ពុជា និងពន្លឺនៃក្តីសង្ឈឹមរបស់ប្រជារាស្រ្តខ្មែរ ឲ្យបានស្គាល់ឡេីងវិញនូវសន្តិភាព។
សួនច្បារសម្តេចព្រះ នរោត្តម សីហនុ និងបន្តតាំងនៅជាសក្ខីភាពដ៏សំខាន់ ដែលចារឹកទុកដល់កូនខ្មែរគ្រប់ជំនាន់ និងបណ្តាបរទេសទាំងឡាយអំពីប្រវត្តិសាស្រ្តនៃពលិកម្មជូនជាតិមាតុភូមិ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្រួបបង្រួមខ្មែរគ្រប់ភាគីឲ្យចូលតុចរចារ ដេីម្បីតែម្យ៉ាងគឺសេចក្តីសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីនៃកម្ពុជា នៅក្នុងពេញមួយព្រះជន្មរបស់ព្រះអង្គ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












