រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើកូដកម្មនៅរោងចក្រ ញូថាហ្គេត ហ៊ូតវែរ (ខេមបូឌា) ឯ.ក NEW TARGET FOOTWEAR (CAMBODIA) CO., LTD.។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មករនិយោជិតទាំងអស់នៃរោងចក្រ ញូថាហ្គេត ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិ ទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ជ្រាបថា មានករណីបងប្អូនកម្មករនិយោជិតនៃរោងចក្រខាងលើបានធ្វើ កូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារមួយចំនួន ក្នុងនោះ ទាមទារឱ្យម្ចាស់ឬនាយកនៃរោងចក្រ ខាងលើទូទាត់ជាប្រាក់សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួន កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ ចែងថា “អនុសញ្ញារួមណាដែលមាន គ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រម ប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃៈ ហើយគ្មានហេតុផលអ្វីទាំងអស់” មានន័យថា ការឈប់សម្រាក ប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្របានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។ ការឈប់សម្រាកប្រចាំឆ្នាំចំនួន ១៨ថ្ងៃ ក្នុងមួយឆ្នាំ គឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់ សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថាការទាមទារប្តូរការឈប់សម្រាកប្រចាំឆ្នាំជាថវិកា មិនមានចែងក្នុងច្បាប់នោះឡើយ។
លោកស៊ុន មេសា៖ “យោងតាមកថាខណ្ឌទី៣ មាត្រា១៦៧ នៃច្បាប់ស្តីពីការងារ «អនុសញ្ញារួមណាដែលមានគ្រោងឱ្យប្រាក់បំណាច់ដើម្បីទូទាត់សម្រាប់ជួសការឈប់សម្រាកព្រមទាំងការព្រមព្រៀងស្តីពីការបោះបង់ ឬមិនព្រមប្រើសិទ្ធិឈប់សម្រាកប្រចាំឆ្នាំត្រូវទុកជាមោឃហើយគ្មានហេតុផលអ្វីទាំងអស់» មានន័យថា ការឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលមិនអាចទូទាត់ជាប្រាក់បានទេ”។
លោកបន្ថែមថា ការឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃក្នុងមួយឆ្នាំគឺជាពេលវេលាមួយដែលតម្រូវឱ្យកម្មករនិយោជិតធ្វើការឈប់សម្រាកដើម្បីថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត គឺមិនអាចទាមទារឱ្យមានការទូទាត់ជាប្រាក់នៅពេលដែលកម្មករនិយោជិតកំពុងធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ បានទេ តែអាចទូទាត់ជាប្រាក់បាននៅពេលរំលាយកិច្ចសន្យាការងារ (បញ្ឈប់ពីការងារ)។
ការបញ្ជាក់នេះ គឺធ្វើឡើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតនៃរោងចក្រញូ ថាហ្គេតដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលចង់ប្តូរថ្ងៃឈប់សម្រាកប្រចាំឆ្នាំជាថវិកា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








