Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ បានរៀបចំជាស្រេចនូវផែនការសាងសង់ទាំងអគារបណ្ដោះអាសន្ន និងអគារសិក្សារឹងមាំ ដោយប្ដេជ្ញាចិត្តថាត្រូវតែសាងសង់សាលារៀននៅតាមបណ្ដោយព្រំដែនឱ្យរឹងមាំ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងល្អជាងមុន

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសភាពអឺរ៉ុប ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាដែលរងផលប៉ះពាល់តាមព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យរួចមកឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តជួយគាំទ្រគ្រប់រូបភាព ដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សភៀសសឹក ឱ្យរក្សាបាននៅសុខសុវត្ថិភាព និងបន្តយកចិត្តទុកដាក់គិតគូរដល់សុខុមាលភាពរបស់ពួកគេនៅតាមជំរំភៀសសឹក ពិសេសសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលនៅតែបន្តយកចិត្តទុកដាក់បង្រៀនសិស្សក្នុងគ្រាលំបាកនេះ។

នាឱកាសនេះដែរ សូមនាំយកនូវក្តីនឹករលឹក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយសូមឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីធានាបាននូវសុខសន្តិភាព ខណៈក្រសួងសន្យាបន្តយកចិត្តទុកដាក់នៅជាមួយបងប្អូនគ្រប់កាលៈទេសៈ។ នេះគឺជាលើកទី៣ហើយ ដែលប្រតិភូក្រសួងអប់រំ យុវជននិងកីឡា បានមកដល់ទីតាំងវិទ្យាល័យហ៊ុន សែន ចុងកាល់ និងបាននាំយកនូវសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីប្រគល់ជូន គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ដោយផ្ទាល់ ព្រមទាំងប្រគល់ជូន មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់នឹងបែងចែកបន្ត ដើម្បីគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ននៅតាមជំរំភៀសសឹកក្នុងតំបន់របស់ខ្លួន។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជននិងកីឡា សូមគូសបញ្ជាក់នូវការបន្តគាំទ្រគ្រប់រូបភាពឱ្យអស់ពីលទ្ធភាព ក្នុងកិច្ចសហការជាមួយគ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន និងសូមឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ បន្តរក្សាស្មារតីរួបរួមសាមគ្គីគ្នាឱ្យរឹងមាំ និងខ្លាំងក្លា ដោយត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសុខសុវត្ថិភាព និងបំពេញការងារឱ្យបានល្អប្រសើរទៅតាមភារកិច្ចរៀងៗខ្លួន ជាអាទិភាព ១) សម្រាប់សិស្សត្រូវតែបន្តការរៀនសូត្រពង្រឹងចំណេះដឹងដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិ ២) ត្រូវរង់ចាំដល់មានការអនុញ្ញាតឱ្យត្រឡប់ទៅសាលារៀន និងលំនៅឋានវិញ បន្ទាប់ពីប្រាកដថាគ្រាប់មីនមិនទាន់ផ្ទុះទាំងអស់ត្រូវបានបោសសម្អាត ៣) ក្រសួងបានរៀបចំជាស្រេចនូវផែនការសាងសង់ទាំងអគារបណ្ដោះអាសន្ន និងអគារសិក្សារឹងមាំ ដោយប្ដេជ្ញាចិត្តថាត្រូវតែសាងសង់សាលារៀននៅតាមបណ្ដោយព្រំដែនឱ្យរឹងមាំ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងល្អជាងមុន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×