ភ្នំពេញ ៖ “មន្ត្រីរាជការ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងនាមជាធនធានដែលខ្វះមិនបានរបស់ប្រទេសជាតិ […] បំពេញបេសកកម្ម និងកិច្ចការងាររបស់ខ្លួនឱ្យបានជោគជ័យ ជាពិសេសការផ្តល់សេវាសាធារណៈ បម្រើប្រជាជន ឱ្យគាត់មានជំនឿទុកចិត្ត និងគាំទ្រ។” ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍នៅក្នុងបាឋកថាស្តីពី «ឧត្តមភាពមន្ត្រី»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “ទាំងរដ្ឋ ទាំងឯកជន ទាំងភាគីពាក់ព័ន្ធផ្សេងៗ ត្រូវកសាងចំណុចរួមឱ្យច្រើន និងខំប្រឹងប្រែងជាប្រចាំ ឱ្យសមត្ថភាពរដ្ឋទាំងមូលរឹងមាំ ដើម្បីទប់ទល់ ដឹកនាំ និងទាញផលប្រយោជន៍ឱ្យប្រទេសជាតិបាន។ ដើម្បីឱ្យស្ថាប័នរដ្ឋ មានភាពរឹងមាំ លុះត្រាតែមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ បំពេញភារកិច្ចដោយទទួលខុសត្រូវ ធានាសមិទ្ធកម្ម និងមានការឯកភាពទស្សនៈ ក្នុងគោលដៅពង្រឹងស្ថាប័នរដ្ឋទាំងមូល និងសម្រេចចក្ខុវិស័យរបស់យើងរួមគ្នា។ មិនមែនតែថ្នាក់ជាតិ មិនមែនត្រឹមតែអ្នកនយោបាយទេ តែដើម្បីឈានទៅដល់ការពង្រឹងសមត្ថភាពរបស់ខ្មែរទាំងមូល ប្អូនៗទាំងអស់គ្នា ត្រូវតែបំពេញភារកិច្ចនៅគ្រប់ជាន់ថ្នាក់ទាំងអស់ រួមចំណែកពង្រឹងបានគ្រប់ៗគ្នា។ នេះជាកាតព្វកិច្ចកូនខ្មែរគ្រប់រូប។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការបង្កើនសមត្ថភាពរបស់កម្ពុជា ជាពិសេស គឺធានាបាននូវភាពធន់នៅពេលដែលយើងជួបបញ្ហាប្រឈម និងការបន្តការកែទម្រង់ជាចាំបាច់ ក្នុងនោះ ការពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ត្រូវមានការអនុវត្តលើគ្រប់ផ្នែកនៃសង្គមសេដ្ឋកិច្ចកម្ពុជា ហើយត្រូវឯកភាពទស្សនៈថា «ការកែទម្រង់ត្រូវតែធ្វើ»។
ឯកឧត្តមបានបន្ថែមថា “ការពង្រឹងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ នឹងបានផល ២ធំ៖ ទី១. គឺពង្រឹងសមត្ថភាពនៅក្នុងស្ថាប័ន របៀបរបបធ្វើការ និងបានសមិទ្ធផលជាក់លាក់ និងទី២. គឺទទួលបានជំនឿទុកចិត្តពីប្រជាជន និងការគាំទ្រពីប្រជាជន។ ផលទាំង២នេះ គឺជាកម្លាំងខ្លាំងណាស់ សម្រាប់ការឯកភាព និងសមត្ថភាពរបស់កម្ពុជា។”រក្សាសិទ្ធដោយ៖សុទ្ធលី











