Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិកនឹងផ្តល់ជំនួយ ៤៥លានដុល្លារ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ

វ៉ាស៊ីនតោន៖ “សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារសហរដ្ឋអាម៉េរិក ដល់ប្រទេសកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយក្នុងនោះថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ហើយថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។ លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom។

លោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖
«សហរដ្ឋអាមេរិក នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ស្របពេលដែលភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយត្រួសត្រាយផ្លូវ ដើម្បីវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពឡើងវិញ សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល»។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក DeSombre បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាចំនួន ១៥លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងស្តារស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីជួយសហគមន៍មូលដ្ឋាន ស្តារជីវភាពរស់នៅឡើងវិញ និងគាំទ្រដល់អ្នកដែលបានភៀសខ្លួន ដោយសារជម្លោះនាពេលថ្មីៗនេះ។

ក្រៅពីនេះ ថវិកាចំនួន ១០លានដុល្លារ នឹងត្រូវផ្តល់សម្រាប់ការងារដោះ និងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ថវិកា ២០លានដុល្លារ សម្រាប់កិច្ចផ្តួចផ្តើមនានា ដើម្បីជួយកម្ពុជា និងថៃ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរគ្រឿងញៀន ព្រមទាំងកម្មវិធីផ្សេងៗទៀត។

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃ និងកម្ពុជា នៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ នាថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងកិច្ចប្រឹងប្រែងទូលំទូលាយ ក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×