ភ្នំពេញ ៖ នៅអង្គភាពការពារកុមារ (CPU) យើងមិនដែលបញ្ចេញអត្តសញ្ញាណរបស់ជនរងគ្រោះ ឬជនល្មើសទេ ដោយសារកិច្ចការពារសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារ គឺជាការងារអាទិភាពបំផុត សម្រាប់អង្គភាពយើង។ អង្គភាពការពារកុមារ (CPU) បានចេញផ្សាយព័ត៌មាននៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះនាថ្ងៃទី៩ខែមករាឆ្នាំ២០២៦នេះ។
ជាការពិតណាស់ ការបញ្ចេញអត្តសញ្ញាណរបស់កុមាររងគ្រោះដោយអំពើ រំលោភបំពាន អាចធ្វើឲ្យកុមារប្រឈមការរងគ្រោះអស់មួយជីវិត ធ្វើឲ្យកុមាររងគ្រោះសារជាថ្មី និងត្រូវ ប្រឈមហានិភ័យបន្ថែមទៀតនៅក្នុងសហគមន៍របស់ពួកគេ។ ដូចគ្នាដែរ ការបញ្ចេញអត្តសញ្ញាណ របស់ជនសង្ស័យមុនពេលសេចក្តីសម្រេចរបស់សមត្ថកិច្ចតុលារការ អាចធ្វើប៉ះពាល់ដល់ដំណើរការ ស៊ើបអង្កេត អាចបង្កគ្រោះថ្នាក់ដល់សាក្សី និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការយុត្តិធម៌របស់តុលាការ ផងដែរ។
កិច្ចការចំបងរបស់អង្គភាពការពារកុមារ (CPU) គឺធ្វើការសហការជាដៃគូជាមួយនឹងនគរបាលជាតិ មន្រ្តីផ្នែកវេជ្ជសាស្រ្ត និងមន្រ្តីផ្នែកសង្គមកិច្ច ដើម្បីការពារសុវត្ថិភាពជូនកុមារ និងធានាយ៉ាងណាឲ្យជន ល្មើសទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តស្របតាមនីតិវិធីច្បាប់ ដែលកិច្ចការនេះ ទាមទារឲ្យអង្គភាពយើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការរក្សាការសម្ងាត់ ដើម្បីធានាឲ្យប្រាកដថាកុមារ ទទួលបានការការពារ ឲ្យការងារស៊ើបអង្កេតដំណើរការទៅដោយរលូននិងបានហ្មត់ចត់ និងធ្វើឲ្យ ប្រាកដថាការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ដំណើរការទៅដោយមិនបង្កការប៉ះដល់សុវត្ថិភាព ឬសិទ្ធិ របស់បុគ្គល។
កិច្ចការអាទិភាពបំផុតរបស់អង្គភាពការពារកុមារ (CPU) គឺសុវត្ថិភាព និងការស្តារសម្បទារបស់កុមាររង គ្រោះឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


