ភ្នំពេញ ៖ សារពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី១០ មករា ២០២៦)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “…ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងសម្របសម្រួល ដើម្បីឱ្យបងប្អូនជនភៀសសឹកអាចវិលត្រលប់ទៅកាន់លំនៅឋានវិញឱ្យបានឆាប់បំផុតតាមតែអាចធ្វើបាន ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស CMAC ដែលបាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុនអនុញ្ញាតឱ្យជនភៀសសឹកវិលត្រលប់ទៅកាន់ទីតាំងទាំងនោះវិញ។
ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនភៀសសឹកទាំងអស់បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងសូមយោគយល់ចំពោះការរង់ចាំវិលត្រលប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ កំពុងបន្តអនុវត្តន៍…”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា “…រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិរបស់យើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ ជាមួយនឹងការអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានរបស់ខ្លួនដោយមានការចូលរួមពីភាគីពាក់ព័ន្ធព័ន្ធដូចជាបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុកលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនទាំងក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង…”។
“…ដើម្បីសម្រួលដល់ការវិលត្រលប់របស់បងប្អូន រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្រុមការងារនេះ បាននិងកំពុងចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងសេចក្តីត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ ដើម្បីគាំព៌ាជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក នៅពេលត្រលប់ទៅកាន់លំនៅឋានវិញ សំដៅស្តារជីវភាព និងជំរុញដំណើរការរស់នៅប្រចាំថ្ងៃឡើងវិញឱ្យបានឆាប់រហ័ស…”។ រក្សាសិទ្ធដោយ៖សុទ្ធលី
ខាងក្រោមនេះជាលីងវីដេអូសារពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពី វិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ៖
https://web.facebook.com/share/v/1CFfjLRQNV/




