Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែនកម្ពុជានិងថៃ

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួល បន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីការ- បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់រាជធានីភ្នំពេញ។ ជំនួបនេះបានផ្តល់ឱកាសដើម្បី ផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកបន្ថែមទៀត ហើយបានធ្វើឡើង បន្ទាប់ពី ឯកឧត្តម Michael George DeSombre ចូលជួបសម្តែងការគួរសមចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ សហរដ្ឋអាម៉េរិកបានស្វាគមន៍ចំពោះការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០ គ្រឿង ដែលបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលកំពុងកើនឡើង។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយចំនួន ១០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តម DeSombre អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា អាទិភាពរបស់កម្ពុជា គឺរក្សាបទឈប់បាញ់ អនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ និងពន្លឿនការងារបោះបង្គោល ខណ្ឌសីម៉ាព្រំដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីចំពោះការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តម ប្រធានាធិបតី ដូណាល់ ជ ត្រាំ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ដែលកម្ពុជា និងថៃ សម្រេចបាននៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការបន្តប្ដេជ្ញាចិត្ត របស់សហរដ្ឋអាម៉េរិក ក្នុងការលើកទឹកចិត្តដល់ការអនុវត្តឲ្យបានពេញលេញនូវបទឈប់បាញ់ ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម DeSombre បានបញ្ជាក់សាជាថ្មីថា សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ត្រាំ នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះបទឈប់បាញ់ ការកាត់បន្ថយភាពតានតឹង និងការបន្តឡើងវិញនូវដំណើរការកំណត់ខណ្ឌសីម៉ាព្រំដែន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងយោធិនខ្មែរ១៨នាក់ ដែលបានវិលត្រឡប់មកជួបជុំគ្រួសារវិញ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានផ្ដល់ថវិកា ចំនួន១៥លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នៅព្រំដែនកម្ពុជា និងថៃ និងថវិកាចំនួន ១០ លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីន មនុស្សធម៌នៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×