មេដឹកនាំប្រទេសមីយ៉ានម៉ា គឺអ្នកស្រី អង់សាន សូជី (Aung San Suu Kyi) ត្រូវបានទីក្រុងអកហ្វត (Oxford) សម្រេចដកហូតពានរង្វាន់សេរីភាព ដែលជាពានរង្វាន់កិត្តិយសខ្ពស់បំផុតត្រឡប់មកវិញ ដោយសារតែវិបត្តិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន។ក្រុមប្រឹក្សាទីក្រុងអកហ្វតបានបោះឆ្នោតកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីដកហូតពានរង្វាន់កិត្តិយសជាអចិន្ត្រៃយ៍ត្រឡប់ពីអ្នកស្រី សូជីវិញ។
សមាជិកក្រុមប្រឹក្សាទីក្រុងអកហ្វត់ គឺអ្នកស្រី Mary Clarkson បានថ្លែងថា “ថ្ងៃនេះពួកយើងបានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ដើម្បីដកហូតពានរង្វាន់កិត្តិយសរបស់ទីក្រុង ពីអ្នកស្រី ដោយសារតែការគ្មានវិធានការរបស់អ្នកស្រី ឆ្លើយតបទៅនឹងការបង្ក្រាបជនជាតិរ៉ូហ៊ីយ៉ា”។
អ្នកស្រី Mary Clarkson និយាយតទៀតថា វិធានការរបស់ទីក្រុងអកហ្វតនៅថ្ងៃនេះ សង្ឃឹមថាពួកយើងបានបន្ថែមសម្លេងទៅកាន់អ្នកទាំងអស់នោះ ដែលបានស្នើឲ្យមានការគោរពសិទ្ធិ និងមានផ្តល់យុត្តិធ៌មដល់ប្រជាជនរ៉ូហ៊ីងយ៉ា។
អ្នកស្រីអង់សាន សូជី ទទួលបានពានរង្វាន់សេរីភាពអកហ្វតក្នុងឆ្នាំ ១៩៩៧ ហើយការផ្តល់ជូនអ្នកស្រីនូវពានរង្វាន់កិត្តិយសដ៏ខ្ពស់នេះដើម្បីទទួលស្គាល់ពីការតស៊ូរបស់អ្នកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ានម៉ា ដែលកាលនោះដឹកនាំដោយយោធា។
ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះត្រូវបានក្រុមសិទ្ធិមនុស្សស្តីបន្ទោសឲ្យយ៉ាងខ្លាំង ដោយសាតែការមិនមានវិធានការឆ្លើយតបទៅនឹងការបង្ក្រាបដ៏ឃោរឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ា
ការបង្ក្រាបដ៏ឃោរឃៅរបស់កងកំលាំងមីយ៉ានម៉ានៅក្នុងរដ្ឋរ៉ាឃីន បណ្តាលឲ្យជនជាតិដើមភាគតិចនៅក្នុងរដ្ឋនោះ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដេស។ ចាប់តាំងពីមានអំពើហឹង្សាកាលពីខែសីហាមក ជនជាតិរ៉ូហ៊ីងយ៉ាច្រើនជាង ៦សែននាក់បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស៕ ដោយ ៖ សុភ័ក្ត្រ