Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់

ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ។

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ ជាងនេះទៅទៀត អង្គប្រជុំក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ICRC លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ព្រមទាំងការបន្តរៀបចំ និងអនុវត្តនូវបេសកកម្មមនុស្សធម៌របស់ ICRC នាពេលខាងមុខផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចំពោះតួនាទីដ៏មានសារៈសំខាន់ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨រូប ក្នុងអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×