អ្នករចនាម៉ូតសម្លៀកបំពាក់ទាន់សម័យ Misha Nonoo ត្រូវបានចាត់ទុកថា ជាមេអណ្តើក ក្នុងរឿងស្នេហារបស់ព្រះអង្គម្ចាស់ហារី និងតារាសម្តែងអាមេរិក Meghan Markle។
Misha Nonoo ជាអ្នករចនាម៉ូត រស់នៅអាមេរិក តែដើមកំណើតនៅ Bahrain ជាអ្នករៀបចំជំនួបដំបូងរវាងព្រះអង្គមា្ចស់អង់គ្លេសហារី និងតារាចម្រៀងអាមេរិក Meghan Markle នៅទីក្រុងឡុង កាលពីខែ៧/១១ -នេះបើតាម Sun ស្វាមីរបស់អ្នក Nonoo លោក Alexander Gilkes ធ្លាប់រៀននៅសាលា Eton (សម្រាប់សិស្សប្រុសពី ១៣-១៨ឆ្នាំ នៅអង់គ្លេស) រួមជាមួយព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ។ នាងក៏ធ្លាប់ចូលរួមមង្គលការរបស់ព្រះអង្គម្ចាស់ William និងម្ចាស់ក្សត្រី Kate Middleton នៅឆ្នាំ ២០១១។
ក្នុងពេលនោះអ្នកស្រី Nonoo រស់នៅញូវយ៉ក បានជួប Meghan នៅទីក្រុង Miami, រដ្ឋ Florida តាមរយៈមិត្តភក្តិម្នាក់។ អ្នកទាំង២ បានក្លាយជាមិត្តភក្តិ និងស្និទ្ធស្នាលគ្នាក្នុងពេលយ៉ាងខ្លី។
គ្រាដំបូងពេលស្ថិតនៅចំពោះមុខមហាជនរួមជាមួយព្រះអង្គម្ចាស់ហារី ក្នុងព្រឹត្តិការណ៍កីឡា Invictus Games ទីក្រុង Toronto, Canada កាលពីខែ៩ Meghan ពាក់អាវសឺមី ស មានប៉ាក់អក្សរ “Husband” រចនាផ្ទាល់ដោយ Nonoo ។
មុនពេលជួបគ្នាគ្រាដំបូងទាំងព្រះអង្គម្ចាស់ហារី ក៏ដូចជាតារាសម្តែង Markle ពុំធ្លាប់ស្គាល់គ្នាឡើយ ។ ព្រះអង្គម្ចាស់ហារី រំលឹកឡើងវិញថា “ខ្ញុំពុំធ្លាប់មើលខ្សែភាពយន្តទូរទស្សន៍ Suits របស់អាមេរិក នឹងពុំធ្លាប់ឮឈ្មោះ Meghan ឡើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដើរចូលហើយសំឡឹងឃើញនាង។ ព្រះអង្គម្ចាស់ហារី ក៏បានបង្ហើបថា ជំនួបដំបូងជាមួយតារាសម្តែងសញ្ជាតិអាមេរិក គឺជា “រន្ទះស្នេហ៍” ដែលខ្ញុំពុំធ្លាប់បានទទួល។
Markle ចែករំលែកថា “ខណៈពេលដែលនាងចង់បង្កើតជំនួបមួយខ្ញុំបានសួរថា តើគាត់ល្អដែរឬទេ?”។
ក្នុងកិច្ចសម្ភាសន៍ទូរទស្សន៍កាលពីថ្ងៃទី ២៧/១១កន្លងទៅថ្មីៗនេះ ព្រះអង្គម្ចាស់ហារីឲ្យដឹងថា លោកនិងគូដណ្តឹងចង់រក្សាការសម្ងាត់ពីអត្តសញ្ញាណរបស់មិត្តភក្តិរួមជាមេអណ្តើករបស់ពួកគេ។ មុននោះមហាក្សត្រអង់គ្លេសបានបញ្ជាក់ថា ព្រះអង្គម្ចាស់ហារី ព្រះជន្ម ៣៣ឆ្នាំ និងតារាសម្តែងសញ្ជាតិអាមេរិក Meghan Markle អាយុ៣៦ឆ្នាំ និងរៀបអភិសេកនាទិឃៈរដូវ ឆ្នាំក្រោយ៕ ដោយ ៖ អាទិត្យ