និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) សូមជម្រាបជូនដំណឹងដល់វិស័យសាធារណៈ វិស័យឯកជន សាស្ត្រាចារ្យ និស្សិត និងអ្នកសិក្សាស្រាវជ្រាវ មេត្តាជ្រាបថា “សទ្ទានុក្រមគណនេយ្យនិងសវនកម្ម” ត្រូវបាន អនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសម័យប្រជុំលើកទី២០ អាណត្តិទី១ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ “សទ្ទានុក្រមគណនេយ្យនិងសវនកម្ម” នឹងបម្រើជាប្រយោជន៍សម្រាប់មន្ត្រី សាធារណៈ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាស្ត្រាចារ្យ សវនករ គណនេយ្យករ និងសាធារណជនទូទៅ ព្រមទាំងផ្តល់ភាពងាយស្រួលនិងងាយយល់ក្នុងការប្រើប្រាស់បច្ចេកស័ព្ទទាំងនេះ ក្នុងការសិក្សា ការស្រាវជ្រាវ ការអនុវត្ត ការងារគណនេយ្យនិងសវនកម្ម និងការយល់ដឹងអំពីបច្ចេកស័ព្ទពាក់ព័ន្ធទៅនឹងវិស័យគណនេយ្យ និងសវនកម្ម។
ផ្តើមចេញពីនេះ ន.គ.ស. បានអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ “កម្មវិធីទូរស័ព្ទដៃសទ្ទានុក្រមគណនេយ្យនិងសវនកម្ម” ក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់ និងសម្រួលបន្ថែមទៀតក្នុងការលើកកម្ពស់កម្រិតអនុលោមភាព គណនេយ្យ និងសវនកម្ម និងសង្គតិភាពនៃការប្រើប្រាស់បច្ចេកស័ព្ទគណនេយ្យនិងសវនកម្មជាខេមរភាសាក្នុងក្របខ័ណ្ឌសិក្សា អប់រំនិងវិជ្ជាជីវៈ។
សម្រាប់បែបបទ និងនីតិវិធីក្នុងការចូលប្រើប្រាស់កម្មវិធីសទ្ទានុក្រម សូមទាញយក និងដំឡើងកម្មវិធី លើទូរស័ព្ទដៃពី App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS ឬពី Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តាមរយៈ QR code ខាងក្រោម។
ន.គ.ស. សង្ឃឹមយ៉ាងមុតមាំថា អង្គភាពពាក់ព័ន្ធក្នុងវិស័យសាធារណៈ វិស័យឯកជន សាស្ត្រាចារ្យ និស្សិត និងអ្នកសិក្សាស្រាវជ្រាវ នឹងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃសទ្ទានុក្រមនេះឱ្យបានទូលំទូលាយ ដើម្បីកសាងឱ្យបាន នូវប្រព័ន្ធគណនេយ្យនិងសវនកម្មរបស់ជាតិមួយដ៏រឹងមាំ ធានាបានគណនេយ្យភាព តម្លាភាព និងភាពជឿទុកចិត្តបាន តាមរយៈការចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ៍ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី



