Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមខូវ ឆាយ បានជួបពិភាក្សាការងារជាមួយលោក Dave, CEO ស្ថានីយ៍ទូរទស្សន៍ CBS ដើម្បីពិភាក្សាអំពីកិច្ចសហការយុទ្ធសាស្ត្រ ក្នុងការពង្រីក និងអភិវឌ្ឍ គុនខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបពិភាក្សាការងារជាមួយលោក Dave, CEO ស្ថានីយ៍ទូរទស្សន៍ CBS តំណាងលោកអ្នកឧកញ៉ា គិត ម៉េង ដើម្បីពិភាក្សាអំពីកិច្ចសហការយុទ្ធសាស្ត្រ ក្នុងការពង្រីក និងអភិវឌ្ឍ គុនខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

កិច្ចសហការនេះ មិនបានកំណត់ត្រឹមតែការរៀបចំព្រឹត្តិការណ៍ប្រកួតក្នុងស្ថានីយ៍ដូចសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែផ្តោតលើការផ្សព្វផ្សាយកាន់តែទូលំទូលាយ ការបង្កើតមាតិកាប្រកបដោយគុណភាព និងប្រសិទ្ធភាព ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតឱកាសប្រកបដោយចីរភាពសម្រាប់កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងលើកកម្ពស់អត្តសញ្ញាណគុនខ្មែរ និងវប្បធម៌ អរិយធម៌ជាតិនៅលើឆាកអន្តរជាតិផងដែរ។

នៅវេលាព្រឹកជាមួយគ្នានេះផងដែរ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានជួបពិភាក្សាជាមួយ លោក Charles, CEO ស្ថាប័ន Cambodia Interclub ដើម្បីពិភាក្សាលើការសហការរៀបចំ ព្រឹត្តិការណ៍ប្រកួតគុនខ្មែរបែបស្ម័គ្រចិត្តលក្ខណៈអន្តរជាតិ ដែលមានការចូលរួមពីកីឡាករ និងអ្នកចូលរួមចម្រុះជាតិសាសន៍។

ការប្រកួតស្ម័គ្រចិត្តនេះ នឹងផ្អែកលើការចូលរួមដោយស្ម័គ្រចិត្ត រួមមាន ជនបរទេសដែលរស់នៅកម្ពុជា ភ្ញៀវទេសចរបរទេស អតីតកីឡាករល្បីៗ អ្នកសិល្បៈល្បីៗ តារា (celebrities) អ្នកបង្កើតមាតិកាឌីជីថល (influencers / vloggers) និងបុគ្គលល្បីៗផ្សេងទៀត ដែលមានចំណង់ចំណូលចិត្តលើកីឡាបែបប្រពៃណី វប្បធម៌សប្បូរបែប និងការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិ។

គោលដៅរួមរបស់យើង គឺបង្កើតវេទិកាប្រកួតគុនខ្មែរបែបស្ម័គ្រចិត្តមួយ ដែលមានលក្ខណៈអន្តរជាតិ ចម្រុះវប្បធម៌ ស្របតាមស្តង់ដារពិភពលោក និងអាចក្លាយជា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរបែបស្ម័គ្រចិត្តធំបំផុតប្រចាំអាស៊ី និងពិភពលោក (1st Amateurs Combat Sport Promotion in The World) ខណៈដែលបន្តរក្សាវិញ្ញាណ និងអត្តសញ្ញាណគុនខ្មែរដើម។

គុនខ្មែរ មិនត្រឹមតែជាកីឡាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាបិតិកភ័ណ្ឌវប្បធម៌ ជាកេរ្ត៍មរតក និងជាមោទនភាពជាតិ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាអភិរក្ស អភិវឌ្ឍ និងលើកកម្ពស់ផ្សព្បផ្សាយឱ្យរីកដុះដាលគ្រប់ទិសទីក្នុងសកលលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×