ចោរមួយក្រុម បានយកមកសងម្ចាស់ដើមវិញនូវរថយន្ត Cadillac មួយគ្រឿង ដែលទើបនឹងលួចបាននៅតំបន់ Leningrad ប្រទេសរុស្ស៊ី ព្រោះថា ប្រសិនបើហ៊ានរក្សាទុករថយន្តនេះ វាអាចរងបន្ថែមទោសទណ្ឌផ្សេងទៀត។
មូលហេតុដែលពួកចោរយកឡានដ៏មានតម្លៃរាប់ម៉ឺនដុល្លារ សងដល់ម្ចាស់ដើមវិញ ដោយសារមានក្មេងអាយុ៣ខែម្នាក់ កំពុងស្ថិតនៅក្នុងនោះ។
តាម RT ក្នុងពេលដែលក្រុមចោរបានបាត់ស្រមោលនោះស្ត្រីជាមាតារបស់ក្មេងអាយុ៣ខែ អាចត្រូវប្រឈមមុខជាមួយទោសព្រហ្មទណ្ឌ ព្រោះតាមប៉ូលិសនៅតំបន់នោះឲ្យដឹងថា ស្ត្រីជាម្តាយរូបនេះបានទុកកូនចោលនៅក្នុងរថយន្ត Cadillac Escalade ដើម្បីចូលផ្សារទិញអាហារ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤/១១ កន្លងមក ខណៈពេលដែលស្ត្រីជាមាតាអាយុ៣៤ឆ្នាំម្នាក់ បានទូរសព្ទ័ប្រាប់ប៉ូលិសអំពីការបាត់រថយន្តនិងក្មេងតូចនៅក្នុងនោះ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ ស្រាប់តែប៉ូលិសបានសំឡឹងឃើញរថយន្ត ដែលរាយការណ៍ថា បាត់ព្រមទាំងកូនក្មេងម្នាក់នៅក្នុងនោះ។
តាមស្ត្រីដែលជាម្តាយរូបនេះឲ្យដឹងថា រថយន្តរបស់ខ្លួនត្រូវបានក្រុមចោរយកមកដាក់កន្លែងដើមវិញ នៅអំឡុងពេលប្រមាណ១៥នាទី បន្ទាប់ពីនាងបានទូរស័ព្ទប្រាប់ប៉ូលិស។ តាមនោះ ក្រុមចោរត្រូវបានឃើញថា បើករថយន្ត Cadillac Escalade មកទុកកន្លែងដើម រួចពួកវាឡើងទៅរថយន្ត Land Rover Discovery មួយផ្សេងទៀត ចាកចេញពីទីនេះ ក្មេងអាយុ៣ខែរូបនេះ ពុំមានបញ្ហាអ្វីទេ ពេលនេះស្ត្រីជាម្តាយកំពុងប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ពីបទទុកក្មេងឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ ។
តាមប៉ូលិសការដែលពួកចោរនាំរថយន្តមកទុកកន្លែងដើម ពុំមែនដោយសារវាមាន “ចិត្តធម៌” នោះទេ ដោយហេតុតែពួកវាអាចទទួលបន្ថែមនូវទោសចាប់ជំរិត ដែលជាទោសធ្ងន់ជាងទោសលួចរថយន្តទៅទៀត៕ ដោយ ៖ ចន្ទ្រា