ខេត្តបន្ទាយមានជ័យ ៖ ជីតានិងជីដូនដឹកចៅទៅពេទ្យត្រូវរថយន្តបុករួចកិនដាច់ខ្លួនជាពីរកំណាត់ ស្លាប់ក្នុងថ្លុកឈាមចៅរងរបួសស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយសាររថយន្តបុកពីក្រោយពេលកំពុងជិះម៉ូតូ និងកិនពីលើបែកសាកសពខ្ទេចទាំង ២នាក់ ប៉ុន្តែចៅស្រីអាយុ៨ខែរួចផុតជីវិតនៅដេកឱបសពជីដូន។
អ្នកភូមិឱ្យដឹងថា៖ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ258D ស្ថិតក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកភូមិឱ្យដឹងថា៖ជនរងគ្រោះខាងលើឈ្មោះ សៀក សេ ជាប្ដីអាយុ57ឆ្នាំ និងប្រពន្ធឈ្មោះ ចៀប ឡេង អាយុ65ឆ្នាំ ចំណែកចៅស្រីដែលរួចជីវិតឈ្មោះ ម៉ីលី ឌៀ អាយុ8ខែ។ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។បើតាមអ្នកស្រុកនិយាយថា មុនពេលកើតហេតុជនរងគ្រោះជាប្តីបានបើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2003 ពាក់ស្លាកលេខបន្ទាយមានជ័យ 1H.3170 ដឹកប្រពន្ធ និងចៅគ្រោងទៅរកទិញថ្នាំពេទ្យនៅផ្សារអូរបីជាន់ ឲ្យចៅលេបតែជាអកុសលជិះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងបើកស្របទិសពីត្បូងទៅជើងបុកពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជាតា និងយាយស្លាប់នៅនឹងកន្លែង ដោយយាយដាច់ជា២កំណាត់។
អ្នកស្រុកនិយាយថាអ្វីដែលរន្ធត់នោះឃើញក្មេងស្រីជាចៅបានដេកឱបលើទ្រូងជីដូនដែលស្លាប់ ប៉ុន្តែសំណាងល្អ ចៅស្រីនោះមិនបានរងរបួសធ្ងន់នោះទេ ត្រឹមតែរងរបួសជើងតិចតួចប៉ុណ្ណោះ។ក្រោយកើតហេតុរថយន្តបង្កនោះបើករត់ទៅទិសខាងជើងដល់ចំណុចភូមិចំកាគរ ឃុំស្វាយចេក ទើបចតរថយន្តចោល រួចគេចខ្លួនបាត់ តែត្រូវសមត្ថកិច្ចតាមរកឃើញ និងបាននាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីបន្តនីតិវិធី។
ចំណែកសពជនរងគ្រោះទាំង២ត្រូវសាច់ញាតិនាំយកទៅតម្កល់នៅវត្តសាមគ្គីវ័ន្ត ហៅស្នួលត្រេត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ បញ្ញាស័ក្តិ