បណ្ឌិត Eben Alexander អ្នកជំនាញការវះកាត់ខួរក្បាលដ៏ល្បីល្បាញរបស់អាមេរិក បាននិយាយពីដំណើរឆ្លងកាត់ពីឋានមរណៈ ខណៈពេលដែលលោកបានធ្លាក់ក្នុងសភាពសន្លប់យ៉ាងយូរ។
តាម Daily Star បណ្ឌិត Eben ធ្លាប់ធ្លាក់ក្នុងស្ថានភាពសន្លប់លែងដឹងខ្លួនអំឡុងពេលមួយសប្តាហ៍ ឆ្នាំ ២០០៨ ដោយសារជំងឺរលាកខួរក្បាល។ សមាមាត្រដែលអាចបន្តជីវិតរស់នៅបានត្រឹមតែ ២%ប៉ុណ្ណោះ។
ពេលនោះឯងបណ្តាវេជ្ជបណ្ឌិតដែលព្យាបាលលោក បានប្រកាសប្រាប់ក្រុមគ្រួសាររបស់ Eben ថា ពួកគេគប្បីត្រៀមចិត្តសម្រាប់ស្ថានភាពអាក្រក់បំផុត។
ខណៈពេលដែលខួរក្បាលរបស់លោកស្ទើរតែផ្អាកសកម្មភាពដោយសារជំងឺអ្នកជំនាញអាយុ ៦៣ឆ្នាំនេះ និយាយថា ខ្លួនបានសម្លឹងឃើញប្រភពពន្លឺភ្លឺចិញ្ចាចមួយលេចឡើងសន្សឹមៗពីខាងលើ ហើយទម្លាក់ចុះនូវកាំរស្មីពណ៌ប្រាក់ និងពណ៌លឿង យ៉ាងចិញ្ចែងចិញ្ចាច។ បណ្ឌិត Eben រំលឹកឡើងវិញថា ៖ “វាគឺជាវត្ថុមួយមានរាងមូលមានសំឡេងតន្ត្រីដ៏អស្ចារ្យ ហើយស្ថិតក្នុងចលនាវិលខ្ញាល់។ កាំរស្មីទាំងនោះបានញែកផ្លូវធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនកំពុងដើរឆ្លងកាត់ពន្លឺឆ្ពោះទៅកាន់ជ្រលងមួយខៀវស្រងាត់ មានជ្រោះទឹកធ្លាក់ចុះថ្លាដូចជាពេជ្រ” “លោកបន្តទៀតថា “ផ្ទាំងពពកធំៗប្រៀបដូចជាស្ករកៅស៊ូយឺតពណ៌ស និងក្រហមនៅពីក្រោយនោះគឺផ្ទៃមេឃពណ៌ខៀវក្រម៉ៅ មានដើមឈើ វាលស្រែ សត្វ និងមនុស្ស នាទីនោះក៏មានទឹកហូរធ្លាក់មកជានិច្ចចូលទៅក្នុងបណ្តាទន្លេ ឬធ្លាក់ចុះប្រៀបដូចជាភ្លៀង លើផ្ទៃទឹកមានផ្សែងអ័ព្ទហើយពីក្រោមនោះមានហ្វូងត្រីហែលទៅមក”។
ក្នុងនាមអ្នកវិទ្យាសាស្ត្រម្នាក់ វេជ្ជបណ្ឌិតវះកាត់សរសៃប្រសាទ និងជាគ្រូបង្រៀននៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Havard បណ្ឌិត Eben លើកឡើងថា មានភស្តុតាងកាន់តែច្រើនឡើងអំពីការឆ្លងកាត់ពិភពមរណៈ។ រីឯមូលហេតុអ្វីបានជាមនុស្សជាច្រើនធ្លាប់ឆ្លងកាត់ឋានមរណៈនោះវានៅជាអាថ៌កំបាំងមួយ។
កាលពីខែតុលា ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិកបង្ហាញឲ្យឃើញថា មនសិការរបស់មនុស្សនៅតែបន្តមានសកម្មភាពនៅពេលដែលសរីរាង្គកាយពុំមានសញ្ញាថាមានជីវិត។ ប្រការនេះមានន័យថា ក្នុងករណីមួយចំនួន អ្នកជំងឺបានស្លាប់លើផ្នែកជីវសាស្ត្រ ប៉ុន្តែនៅតែស្តាប់ឮវេជ្ជបណ្ឌិតប្រកាសប្រាប់អ្នកនៅជុំវិញថាខ្លួនបានស្លាប់ហើយ៕ ចន្ទ្រា