ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ សរុប ៨នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យម្នាក់ៗ ៤០០លានរៀល។ នេះបើតាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៣០មករានេះ និងថាក្នុងចំណោមជនល្មើស ៨នាក់គឺ ៧នាក់ជាជនជាតិចិន និង១នាក់ទៀត ជាជនជាតិឥណ្ឌូនេស៊ី។ ជនបរទេសទាំងនេះ ត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តិបទល្មើសជួញដូរ និងដឹកជញ្ជូនសារធាតុញៀន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ និងបានប្រព្រឹត្តិបទល្មើសសម្អាតប្រាក់ កាលពីអំឡុងខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានអះអាងថា ក្នុងប្រតិបត្តិការអនុវត្តនិតិវិធីច្បាប់លើជនបរទេសទាំង ៨នាក់នេះ តុលាការបានរឹបអូសវត្ថុតាងទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ខណៈគ្រឿងញៀន ដែលរឹបអូសបានត្រូវយកទៅបំផ្លាញចោលទាំងអស់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៦នេះ ជនទាំង៨នាក់រួមមានឈ្មោះ Yang Lianqi ហៅ Lim Wei Ming ឬ Luo Shun, Hung Hsien Fu ហៅ Hung Chung Yueh, Shi Yuanya, Huang Xiaoyu, Chiu Shiu Chia, Zhong Yong Qiu, ទាំង ៦នាក់ជាជនជាតិចិន, ឈ្មោះ Li Tsung Hsen (តៃវ៉ាន់), និង Andy Winata ជនជាតិឥណ្ឌូនេស៊ី។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានថ្លែងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈលើសំណុំរឿងរបស់ពួកគេ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ និងបន្តសវនាការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់។ អង្គជំនុំជម្រះក៏បានបានប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែមករា ដោយផ្ដន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០០.០០០.០០០៛ (បួនរយលាន) រៀល។
យោងតាមតុលាការ ក្រុមជនល្មើសទាំងនេះ បានប្រព្រឹត្តបទល្មើសនេះនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ចន្លោះពីខែមករា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។ ពួកគេត្រូវបានផ្ដន្ទាទោសតាមមាត្រា៤០ និងទី៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ វត្ថុចាប់យកត្រូវបានរឹបអូស ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។
បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ គ្រឿងញៀនដែលត្រូវបានរឹបអូសទាំងអស់ ត្រូវបានបំផ្លាញចោល។
ជនដែលត្រូវបានផ្ដន្ទាទោសជាប់ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ជាង ១តោន កន្លះ ដែលសមត្ថកិច្ចបង្ក្រាបកាលពីខែមករា ឆ្នាំ២០២៤ នៅកំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់នាពេលនោះថា ក្រុមជនល្មើសបានដឹកគ្រឿងញៀនពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ក្នុងទិសដៅទៅកោះតៃវ៉ាន់។ ប្រតិបត្តិការរបស់សមត្ថកិច្ចបានរឹបអូសកេតាមីន (Ketamine) ១០០០ដុំ ស្មើនឹងជាង៩៨០គីឡូក្រាម គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៥៣៤ដុំ មានទម្ងន់ជាង៥៣០គីឡូក្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




