Saturday, January 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដាក់បទបញ្ជាឲ្យលុបបំបាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមដៃគ្នាបោសសំអាត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ដើម្បីមុខមាត់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍របស់កម្ពុជា។
ឯកឧត្តម ទៀ សីហា បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រី្ត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោក និងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដល់អភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តម បង្ហាញភាពជឿជាក់ថា ក្រោយបង្ក្រាបរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS រយៈពេល២ ទៅ៣ឆ្នាំខាងមុខ សេដ្ឋកិច្ចកម្ពុជា និងអ្នកវិនិយោគកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប៕រក្សាសិទ្ធដោយ៖សុទ្ធលី

×