Saturday, January 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនច្បារមាត់ទន្លេក្រុងកំពង់ចាមបាក់ស្រុតអាជ្ញាធរខេត្តមានវិធានការឲ្យជំនាញជួសជុលបន្ទាន់ពេលឆាប់ៗនេះ

ខេត្តកំពង់ចាម: មនុស្សម្នាភ្ញាក់ផ្អើលនាំគ្នាមកមើលសួនច្បារមាត់ទន្លេក្រុងកំពង់ចាម បានបាក់ស្រុតចូលក្នុងទឹកទន្លេដែលមិនធ្លាប់មានពីមុនមក។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០២៦ ជាមួយនោះគេឃើញវត្តមានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនិងសហការីបានអញ្ជើញចុះពិនិត្យជាបន្ទាន់ភ្លាមៗ ហើយបានណែនាំហើយមន្ត្រីជំនាញធនធានទឹកចុះសិក្សា ដើម្បីជួសជុលបន្ទាន់ចៀសវាងកុំឲ្យរដូវវស្សាចូលមកដល់បង្ករផលវិបាក។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យ និងហាមដល់បងប្អូន ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរឆ្លងកាត់ និងលក់ដូរនៅតាមមាត់ទន្លេ នៅក្បែរកន្លែងដែលរងការបាក់ស្រុតនោះ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ កងកម្លាំង អាវុធហត្ថ និង កងកម្លាំងនគរបាលខេត្ត និងអាជ្ញាធរក្រុង សហការគ្នាក្នុងការសម្រួលដល់ការធ្វើដំណើរ និងបិទចរាចរណ៍ជាបណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញត្រួតពិនិត្យ និងជួសជុលឡើងវិញ។

លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានប្រាប់ឲ្យដឹងថា:
ក្រោយពីមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តរូបលោកនិងមន្ត្រីក្រោមឱវាទនៅព្រឹកថ្ងៃទី៣១មករា បានចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង។ជាមួយនោះរដ្ឋមន្ត្រីក្រសួងធនធានទឹកបានចាត់ឱ្យកម្លាំងនាយកដ្ឋានចុះមកសិក្សាលម្អិត ដើម្បីស្រង់ទិន្នន័យនៃការខូចខាតមានផលប៉ះពាល់កម្រិតណា។តែនៅទីតាំងដែលបាក់ស្រុតចូលក្នុងទឹកទន្លេនេះគឺមានតែសួនច្បារដាំលម្អដោយផ្កា ហើយក្បែរនោះក៏មិនមានសំណង់ផ្ទះល្វែងរបស់ប្រជាពលរដ្ឋ
ឡើយ។

សូមបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម ឆ្នាំនេះ បានហក់ឡើងលឿន និងស្រកវិញក៏លឿន បណ្តាលឱ្យច្រាំងទន្លេជាច្រើនរងការបាក់ស្រុត ដោយឡែក សួនច្បារក្រាលការ៉ូឡា ប្រវែងប្រមាណជាង៧០ ម៉ែត្រ ទទឹង១,១០ម៉ែត្រ ទៅ១,៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានទទួលរងការប្រេះស្រុតបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនអាជីវករលក់ដូរនៅក្បែរនោះ។

មន្ត្រីជំនាញបញ្ជាក់ថា ក្រោយទទួលដំណឹងពីភ្លាមៗ ពីអាជ្ញាធរមូលដ្ឋាន, នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព ជាក់ស្តែង និងដាក់ចេញនូវវិធានការបន្ទាន់ ក្នុងការស្តារ និងបញ្ជៀសហានិភ័យ ដោយពេលរសៀលមានការស្រុតចុះតែបន្តិចប៉ុណ្ណោះ។ តែមកដល់យប់កណ្ដាលអាធ្រាត្រកន្លែងទីតាំងដែលស្រុតនេះបានបាក់ធ្លាក់ចូលទៅក្នុងទន្លេរួមទាំងបង្គោលភ្លើងអគ្គិសនីទៀតផង។សួនច្បារខាងលើ បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១២ ដោយចំណាយថវិការបស់រដ្ឋបាលខេត្ត។
ក្រោយពីមានគ្រោះធម្មជាតិបែបនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់កំពុងតែយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីជួសជុលច្រើនទន្លេដែលបាក់ស្រុតដើម្បីឲ្យមានស្ថានភាពដូចដើមវិញ។
គួររំលឹកថាកាលពីប៉ុន្មានឆ្នាំមុនឃឿនបេតុងក្រោយអតីតសាលាសង្កាត់កំពង់ចាម ក៏ធ្លាប់បានបាក់ស្រុតទៅក្នុងទន្លេតែក្រោយកម្លាំងរបស់ក្រសួងធនធានទឹកបានចុះសិក្សានិងជួសជុលឲ្យមានសភាពដូចដើម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×