ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្នើទៅភាគីថៃ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារ, ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិ OG និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC។ ជាមួយគ្នានេះ គណៈកម្មការ JBC ភាគីកម្ពុជា តវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅលំនៅដ្ឋានរបស់ពួកគេវិញ ព្រមទាំងសកម្មភាពទាំងឡាយដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែន។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្ដរជាតិទាំងអស់ឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ភាគីថៃនៅពុំទាន់បានឆ្លើយតបជាផ្លូវការអំពី កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នឹងពុំទាន់ បានឆ្លើយតបជាផ្លូវការទៅនឹងកំណត់ទូតរបស់ភាគីកម្ពុជាចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្តីពីសំណើ ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារលើដីជាក់ស្ដែង ដើម្បីបន្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងចន្លោះបង្គោលព្រំដែនលេខ 52-59 ព្រមទាំងការចុះសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា ដោយអនុលោមតាមកំណត់ហេតុកិច្ចប្រជុំ ពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីជំរុញ ការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ដែល រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានអនុម័តទទួលយក គណៈកម្មការ JBCភាគីកម្ពុជាបានស្នើសាជាថ្មី ទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖
១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្ដែងដើម្បីបន្តអនុវត្ត ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោល ព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
២- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (ITSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈឆ្នាំ២០២៦។
សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (ITSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុ កិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។
៣- គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថ ដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡាយ ដែលនាំឱ្យមានការផ្លាស់ប្ដូរបរិស្ថានតំបន់ព្រំដែន ដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និង កថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។
៤- គណៈកម្មការ IBC ភាគីកម្ពុជា ក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលនាពេល កន្លងមក ភាគីថៃបានលើកឡើងដោយពុំត្រឹមត្រូវថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនពុំអាច អនុវត្តបានទ ដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្ដោយព្រំដែនតាមរយៈយន្តការ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារ ដោះមីនដែលបម្រើឱ្យគោលដៅវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបាន អនុវត្តដោយក្រុមការងារដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ IBC ដូចមានចែងក្នុងមាត្រា៣ ន MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និង
មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្ត ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






