ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរក្នុងផេកហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៨វិច្ឆិកានេះថា បណ្ដាញអ្នកសារព័ត៌មាន និងប្រិយមិត្ត FBFs នៅរសៀលទី២៨វិច្ឆិកានេះ គណបក្សទាំងបី ដែលតំណាងអោយសម្លេងប្រជាពលរដ្ឋភាគតិច បានចូលទៅកាន់ព្រះបរមរាជវាំង នៅចំពោះមុខព្រះភ័ក្រព្រះហាក្សត្រជាទីសក្ការៈរបស់ខ្មែរ បានធ្វើសច្ចាប្រណិធាន មុននឹងចូលទៅកាន់តំណែងតំណាងរាស្ត្រ ការពារផលប្រយោជន៍ប្រជាពលរដ្ឋភាគតិច។
លោកបន្តថា ទោះបីជាគណបក្សទាំងបីនេះ មិនទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីអាសនៈនីមួយៗក៏ដោយ ក៏គេទទួលបានសម្លេងពីប្រជាពលរដ្ឋដែលមិនមែនជាអ្នកគាំទ្រ CPP និងពេលនេះ គឺតាមអំណាចច្បាប់។
របត់នយោបាយមួយដែលទទួលបាននូវកិច្ចពង្រឹងសក្កានុពលភាពនៃសម្លេងភាគតិចនៅក្នុងរដ្ឋសភា។ ឆន្ទៈរបស់ប្រជាពលរដ្ឋភាគតិចត្រូវបានជាន់ឈ្លី និងបោះបង់ចោលកាតព្វកិច្ច និងការទទួលខុសត្រូវរបស់CNRP ទៅក្នុងតួនាទីជាអ្នកតំណាងរាស្ត្រ សម្លេងភាគតិចនៅក្នុងសភា កាលពីអតីតកាល។ ផ្ទុយទៅវិញគេតែងតែ គៀងគរបរទេសអោយមកលុកលុយ ប្រឆាំង និងរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ពាណិជ្ជករ កម្មករ ក៏ដូចជា ដែនអធិតេយ្យ និងឯករាជ្យជាតិ។សកម្មភាពទាំងអស់នោះ ដែលបានប្រព្រឹត្តិគឺផ្ទុយពីមាត្រា៤៩ នៃរដ្ឋធម្មនុញ្ញដែលបានចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិង គោរពច្បាប់។ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។ សូម រំលឹកផងដែរថា សិទ្ធិនយោបាយដែលជាសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាក្រៅពីមន្ត្រី CNRP ចំនួន១១៨ នាក់ ដែលហាមរាល់សកម្មភាពនយោបាយក្នុងរយៈពេល៥ឆ្នាំ គឺគេទាំងអស់នោះ មានសិទ្ធិចូលរួមជីវភាព នយោបាយជាមួយនឹងCPP ឬមួយគណបក្សដ៏ទៃទៀត ឬក៏អាចបង្កើតគណបក្សថ្មីរបស់ខ្លួនបាន។ ថ្ងៃនេះជាការរស់ឡើងវិញនៃសម្លេង និងឆន្ទៈ របស់ប្រជាពលរដ្ឋភាគតិចក្នុងការចូលរួមចំណែកការកសាងប្រទេសជាតិ និងការពារមាតុភូមិក៏ដូចជាឯករាជ្យភាព និងអធិបតេយ្យភាពជាតិផងដែរ។
សូមរំលឹកផងដែរថាក្រុមភាគច្រើននៅក្នុងរដ្ឋសភា គឺទទួល បានសិទ្ធិ និងអាណត្តិ ក្នុងការដឹកនាំ ការធ្វើ ច្បាប់ និងការធ្វើវិសោធនកម្មច្បាប់។
ជោគវាសនារបស់ប្រជាពលរដ្ឋភាគតិចគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់គណបក្សតំណាងភាគតិចនៅក្នុងរដ្ឋសភាគឺមិនពឹងផ្អែកទៅលើបរទេសនោះឡើយ៕ ដោយ៖កូឡាប