ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូលសាលាពេទ្យ។
នៅថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ អ.ប.ព.បានថ្លែងថា ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូលរៀនរៀនថ្នាក់ ឆ្នាំទី១ កំរិតបរិញ្ញាបត្ររង ចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខា ភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យ អន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យា សាស្ត្រអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបងចំនួន ១០០នាក់)។
ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ឱ្យដឹងថាការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្ត្រី របស់ខ្លួនចំនួន ២៦២ នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ។
អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដោយមាន ឯកឧត្តម ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយក- ដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។ លោក អ៊ុ សំរាំង ប្រធាននាយកដ្ឋានចារកម្ម ឱ្យដឹងថាមេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។
ឧបការី យិនទៀង ពុទ្ធិរ៉ា និង អគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថាខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី





