ភ្នំពេញ ៖ សម្រាប់សិស្ស/និស្សិត យុវជន និងសារណជនទូទៅ ជាពិសេសអ្នកកំពុងស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន៣០០បញ្ជ អាចរើសមុខតំណែងដែលលោកអ្នកពេញចិត្ត សម្រាប់ឱកាសការងារ ជាងពីរម៉ឺនកន្លែងពីបណ្តាក្រុមហ៊ុនល្បីៗ ទទួលបានការណែនាំអំពីអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ និងទទួលបានគំនិត ចំនេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃរបស់ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលរួមបញ្ចូលគ្នារវាងពិព័រណ៍ការងារថ្នាក់ជាតិ នឹងយុទ្ធនាការផលិតភាពជាតិ ដែលរៀបចំឡើង ដើម្បីចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយភាព ជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។
ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថាជាកន្លែងជួបជុំដោយងាយស្រួលរវាងនយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹងអំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ “ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ” នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ “សហភាពសហព័ន្ធយុវជនកម្ពុជា” និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC)៕ ដោយ ៖ បញ្ញាស័ក្តិ