ភ្នំពេញ ៖ ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ នៅក្នុងព្រះពុទ្ធសាសនាគឺ៖ ១. ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤, ២. ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ, ៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន។
បើតាមការផ្សព្វផ្សាយព័ត៌មាននៅលើផេក facebook ដោយការរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានឲ្យដឹងថា កម្មវិធីបុណ្យមាឃបូជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នំា២០២៦ នាថ្ងៃនេះ សូមព្រះតេជគុណ និងញាតិញោមពុទ្ធបរិស័ទ្យ និមន្ត-អញ្ជើញចូលរួម ដោយបីតិសោមនស្សភាពជ្រះថ្លារីករាយ អនុមោទនាបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃ៖
- ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី៥៨៨ ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់
- ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
- ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
- ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន
- ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងក្នុងថ្ងៃ១៥កើត ខែមាឃថា៖ កិរិយាវៀរចាកបាបទាំងឡាយ ការញ៉ាំងកុសលឱ្យកើតឡើង និងការជម្រះចិត្តឱ្យស្អាតផូរផង់ សូមតាំងចេតនា រក្សាកាយចិត្ត ត្រៀមអនុមោទនា មាឃបូជាដោយសេចក្តីជ្រះថ្លា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















