ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈផេកហ្វេសប៊ុកផ្លូវការ បានបញ្ជាក់ថា “នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះគឺជាខួប២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ នៅខេត្តសៀមរាប (24/9/1998-24/9/2018)”។
សម្តេចតេជោ បានលើកឡើងថា នៅម៉ោង៨និង៥២នាទី ថ្ងៃទី ២៤ កញ្ញា ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
ការរៀបចំធ្វើឃាដលើរូបខ្ញុំនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំ នៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះ គ្រាប់បេ៤០ ទាំង៤គ្រាប់ ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះ មិនមានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើឲ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះ ឆ្លងទឹក គឺប្រហែលជីវិតខ្ញុំ ត្រូវចប់តាំងពីពេលនោះមក។
ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានរឿងអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់ នៅក្នុងក្រុងសៀមរាប? បន្ទាប់មក តើសង្គ្រាមអាចបញ្ចប់ បានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ឬទេ? នេះជាចម្លើយដែលត្រូវឆ្លើយ សម្រាប់សំណួរទាំងពីរខាងលើនេះ។
អរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ដែលជួយការពារខ្ញុំនាពេលនោះ។ ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនាពេលនោះគឺតាមផ្លូវងងិត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាខ្ញុំជាប្រចាំកន្លងមកបានជួយជីវិតខ្ញុំឲ្យខ្ញុំរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យខ្ញុំបានដឹកនាំប្រទេសចេញពីសង្គ្រាមមកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ។
ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខាងតែបាន ៕ ដោយ៖បញ្ញាស័ក្តិ