Monday, February 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងបារាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ គ.ស.ម.ក.។ ជំនួបនេះផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យសិទ្ធិមនុស្ស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសបារាំង ក្នុងការគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី “ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា”។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងកិច្ចសហការជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) ក្នុងការរៀបចំវេទិកាស្តីពីការលើកកម្ពស់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធរវាងកម្ពុជា និងអូស្រ្តាលី ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគួរឱ្យគាត់សម្គាល់ រួមទាំងក្នុងវិស័យសិទ្ធិមនុស្ស ជាពិសេសសមភាពយេនឌ័រ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសង្ខេបពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ដែលមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×