Tuesday, February 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ ៖ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយស សូមជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបអំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពី ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែនត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៦.០៤០.០០០ ម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។

៣. ក្រុមការងារចំពោះកិច្ច ក.គ.ម. បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរួមមាន ៖ លូប្រអប់ សរុប ចំនួន ២៦ កន្លែង ស្មើនឹង ២៦៥,៨០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ២៤៤ កន្លែង, និងស្ថាបនា សម្រេចជាស្ថាពរនូវថ្នល់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១១ កន្លែង ស្មើនឹង ២៣២,៣០ ម៉ែត ក្នុងនោះ ថ្នល់បេតុងបង្រៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត្រ និង ទំនប់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៦ កន្លែង ស្មើនឹង ៥២,៣០ ម៉ែត្រ, និង ស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ ។

៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៣ ខែ កន្លងមកនេះ ក្រុមការងារ ចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង ១៨៩,៨ គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩,៣ គីឡូម៉ែត្រ និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បាន ប្រវែង ១២០,២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរី សម្រេចបាន ៥១,៨១%។

៥. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោតសរុបចំនួន ៩៣៦ ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្ដោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។ ៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម. បាននិងកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខ នេះ, ពន្លឿនការងារកសាងផ្លូវ និងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត លំបាក, និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព។

៧. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×