Tuesday, February 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​ ឡាវ​ និងវៀតណាម ធ្វេីការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop)នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូជំនាញសរុបចំនួន២៣រូប មកពីអង្គភាពជំនាញទាំង៣ប្រទេសគឺ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម (VNMAC)។ សក្ខាសាលានេះ​ គាំទ្រនិងសហការដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA​។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ​ សម្រាប់ផ្តល់ឱកាសជូនអង្គភាពជំនាញទាំង៣ប្រទេស​កម្ពុជា​ ឡាវ​ និងវៀតណាម ធ្វេីការពិភាក្សា ផ្លាស់ប្តូរនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយថ្មីៗ ក្នុងវិស័យសកម្មភាព ដែលនឹងជួយជំរុញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ថែមទៀត។

ទន្ទឹងនឹងនេះ​ សិក្ខាសាលានេះ​ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាមផងដែរ។

តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូនៃសិក្ខាសាលានេះ​ ត្រូវចុះពិនិត្យកិច្ចប្រតិបត្តិជាក់ស្តែង​ ក្នុងការបោសសម្អាតចម្ការគ្រាប់របស់អង្គភាពCMAC នៅភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែងជាដេីម។ រក្សាសិទ្ធដោយ៖សុទ្ធលី

×