ភ្នំពេញ ៖ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម រួមជាមួយលោកជំទាវ ភឹម រុនសុីណារតន៍ និងឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំសម្របសម្រួលក្រុមការងារ ចុះបាញ់ថ្នាំក្រហមតាមផ្ទះដែលព្រមទទួលយកដំណោះស្រាយរបស់ក្រសួង និងតម្លើងផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតក្នុងភូមិ៩ ផ្លូវ១៤៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា បន្ទាប់ពីផុតរយៈកំណត់ ៣០ថ្ងៃ ចាប់ពីថ្ងៃតម្លើងផ្លាក ប្រសិនបើមិនអនុវត្តតាម ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ និងនឹងធ្វើការហ៊ុំព័ទ្ធ ហាមចូលអគារ ដើម្បីធានាសុវត្ថិភាពសាធារណៈ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២ កុម្ភៈនេះតទៅ។
វិធានការខាងលើ បានធ្វើឡើងដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើ។
ជាមួយគ្នានោះ ក្រសួង ទុករយៈពេលឲ្យ៣០ថ្ងៃ ដើម្បីឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម÷
១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ។ ២. ធ្វើការហ៊ុព័ទ្ធ និងហាមចូលសំណង់អគារនេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន. ស.) សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសាធារណជនឱ្យបានជ្រាបថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួង ដ. ន. ស. បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា“សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ” ។
ក្នុងន័យនេះ ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែង ស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្ដីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម+ ១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ២. ធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារខាងលើ និងសាធារណជន មេត្តាជ្រាបនិងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីប្រុង ប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី













