ខេត្តព្រះសីហនុ៖កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ច្រានចោល គណនី “ប្លែកៗចាប់អារម្មណ៍” ដែលផ្សាយរឿង 2លានគ្មានវិក័យបត្របើមិនឱ្យខ្ញុំស្ទូច។
ទំព័រហ្វេសប៊ុកនគរបាលចរាចរណ៍ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣កុម្ភៈនេះបានបកស្រាយថា៖”កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅតាមផ្លូវសាធារណៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
សមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ តែងតែណែនាំអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាប្រចាំ ដូចជានៅតាមសាលារៀន តាមទីសាធារណៈនានាជាដើម ។
ដោយឡែកនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតជាតិអាកុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានពិនិត្យណែនាំ រថយន្ត និងម៉ូតូជាច្រើនគ្រឿង ដោយឡែកក្នុងពេលត្រួតពិនិត្យនោះ បានពិនិត្យរថយន្តមួយគ្រឿងម៉ាក Toyota AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន 0,68 ក្នុងមួយលីត្រខ្យល់ ហេីយត្រូវបានសមត្ថកិច្ចយេីង ឃាត់ឲ្យនៅកន្លែងសិន ពេលស្វាង ទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញ ។
ប៉ុន្តែក្នុងពេលនោះ ស្រាប់តែមានស្ត្រី២នាក់ ថត Video ឡូឡា នៅកន្លែងសមត្ថកិច្ចធ្វើការ ចង់រំដោះជនជាតិចិននោះ ហើយជេរប្រមាថមើលងាយលើកងកម្លាំងសមត្ថកិច្ច និយាយទៅមុខ ទៅក្រោយ ទំនងជាស្រវឹងដូចជនជាតិចិននោះដែរ និងរំខានដល់កិច្ចការរបស់សមត្ថកិច្ច បង្ហោះផ្សាយផ្អើលពេញបណ្តាញសង្គម ព្រមទាំងបានជំរុញឱ្យលុយ ទៅសមត្ថកិច្ចយេីង ប៉ុន្មានក៏បានដែរ តែសមត្ថកិច្ចមិនយកលុយជាដាច់ខាត ។
ករណីដូចបណ្តាញសង្គមមួយឈ្មោះថា “ប្លែកៗចាប់អារម្មណ៍” បានបង្ហោះក្នុងគណនីខ្លួនថា ៖
2លានគ្មានវិក័យបត្របើមិនឱ្យខ្ញុំស្ទូច! ស្ត្រីម្នាក់ឈ្មោះ Srey Pov បានប៉ះពាក្យសម្តីជាមួយ កម្លាំងសមត្ថកិច្ចចរាចរណ៍ ក្រុងព្រះសីហនុ នៅជិតផ្លូវត្រីដូហ្វីន ដោយគាត់បានលើកឡើងថា ជនជាតិចិនបើកបរលើសជាតិអាល់កុល 0,68 មីលីក្រាមក្នុងមួយលីតខ្យល់ ត្រូវផាកពិន័យ ២លានរៀល អោយចេញវិក័យប័ត្របង់លុយអោយក៏មិនព្រម។ សូមបងប្អូន ពិចារណាទាំងអស់គ្នាខាងណាខុសខាងណាត្រូវ.! កើតឡើងពេលយប់អាធ្រាតឈានចូល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅក្រុងព្រះសីហនុ ចុងក្រោយ សមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរជនជាតិចិន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមច្រានចោលដូចការរៀបរាប់ខាងលើ និងសូមអញ្ជើញម្ចាស់គណនីចូលមកបំភ្លឺនៅស្នងការដ្ឋានបើសិនជាមានករណីបែបនេះកើតឡើង” ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




