ភ្នំពេញ ៖ កំណត់ត្រារូបភាពនៃសត្វខ្លាត្រីដ៏កម្រតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនាពេលនេះ បង្ហាញពីផ្លែផ្កានៃកិច្ចសហការក្នុងការស្តារ ព្រៃលិចទឹកឡើងវិញរយៈពេលវែងនៅតំបន់អេកូឡូស៊ីទឹកសាបដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។
ខេត្តពោធិ៍សាត់ បឹងទន្លេសាប ប្រទេសកម្ពុជា (ទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)៖ សត្វខ្លាត្រី មួយក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្ដងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្តារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្ដាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។
លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយលោកស្រីសង្កត់ធ្ងន់ដែរថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូលហើយវាផ្ដល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។»
សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមាឌធំជាឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វ ស្លាប និងសត្វស្មូនជាដើម។ នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគ ឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ចាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំគាល់ថា៖ «ការត្រឡប់មកវិញរបស់ ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្ដារតំបន់ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺ ការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។ តាមរយៈការស្ដារសុខភាពអេកូឡូ ស៊ីឡើងវិញ យើងកំពុងរក្សាបាននូវជម្រកដែលមានតម្លៃឥតគណនាសម្រាប់មនុស្ស និងជីវចម្រុះ ទន្ទឹមនឹងការជម្រុញ ភាពធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់នោះផងដែរ។»
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «វត្ដមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប សូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្ដារនិងការពារជម្រកព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។»
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការប្រទះឃើញខ្លាត្រីមួយ ប្រភេទឡើងវិញនៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ៖ «របកកំហើញនេះគឺភស្តុតាងបង្ហាញពីការរីកចម្រើនន ប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយ របស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើ ការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជា ពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។ វាក៏បានបានឆ្លុះបញ្ចាំងទាំងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌជីវៈចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់អ្នកជំនាន់ក្រោយ។»
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង ១ ០០០ហិកតា នៅជុំវិញបឹង ទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើក ទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់ នៅរបស់សហគមន៍ក្នុងតំបន់ជាដើម។

រូបភាពសត្វខ្លាត្រីដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ (CI/Photo by Camera trap, 2025) ៖ តំណភ្ជាប់។
អំពីអង្គការអភិរក្សអន្តរជាតិ (អង្គការCI) អនុវត្តការងារដើម្បីថែរក្សា និងការពារធនធានធម្មជាតិ ដើម្បី សុខុមាលភាពរបស់មនុស្សជាតិ តាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ គាំទ្រគោលនយោបាយ ការងារជាក់ស្ដែងនៅទីវាល និងគាំទ្រហិរញ្ញវត្ថុដោយនិរន្តរភាពមិនអាចខ្វះបាន។ អង្គការ C យកចិត្តទុកដាក់ និងធានាការអភិរក្ស និងអភិវឌ្ឍ ប្រកបដោយនិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍សម្រាប់ធម្មជាតិ និងមនុស្សជាតិគ្រប់ជំនាន់។ អង្គការអភិរក្សអន្តរជាតិ មានការិយាល័យនៅប្រទេសប្រមាណ ៣០ប្រទេស និងមាន ការអនុវត្តគម្រោងនៅក្នុងប្រទេសជាង ១០០ ហើយបាន ចាប់ដៃគូជាមួយរដ្ឋាភិបាល ក្រុមហ៊ុនឯកជន សង្គមស៊ីវិល ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានដើម្បីជម្រុញ ឱ្យមនុស្ស និងធម្មជាតិរស់នៅសុខុដុមរមនានឹងគ្នា។ សូមចូលទៅកាន់គេហទំព័រ Conservation.org សម្រាប់ព័ត៌មានពី ការងារអភិរក្ស, និង Conservation News Facebook Twitter TikTok Instagram និង YouTube.៕ រក្សាសិទ្ធដោយ៖សុទ្ធលី








