Wednesday, February 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោងខាងក្រោម៖

ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ហិចតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្ដិសិទ្ធភាព និង សុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការ បញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងប ច្ចេកវិទ្យាកសិកម្ម។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ
២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចវិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថានប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេស
កម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ” ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានរៀបចំពិធីចុះហត្ថលេខាលើកិច្ច
សន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៃឆ្នាំសារពើរពន្ធ២០២៥។
មុននឹងចូលប្រធានបទកម្មវិធីថ្ងៃនេះ អនុញ្ញាតិឲ្យរូបខ្ញុំលើកឡើងពីជម្លោះព្រំដែនរវាងកម្ពុជា ថៃបន្តិច រដ្ឋាភិបាលជប៉ុន និងរូបខ្ញុំផ្ទាល់ ស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ លើកទីពីររវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ និងការវិលត្រឡប់របស់ទាហានកម្ពុជា ១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ហើយសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងបទបទឈប់បាញ់នឹងត្រូវបានបន្ត អនុវត្តយ៉ាងប្រាកដប្រជា រដ្ឋាភិបាលជប៉ុនសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់ បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធ ព្រមទាំងផ្តល់ការគាំទ្រនានាផងដែរ “។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ុនរ៉ន” បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ ក្នុងរយៈពេល២០ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី នេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងជម្រាបជូនដោយសង្ខេបអំពី ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ៖រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកា ប្រមាណ ៦៧០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) អនុវត្តក្នុងខេត្តស្ទឹងត្រែង។
អង្គការJMAS បានចាប់ផ្តើមសកម្មភាពគាំទ្រការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅ កម្ពុជាក្នុងឆ្នាំ ២០០២ ហើយចាប់តាំងពីពេលនោះមក អង្គការបានបោសសម្អាតមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាច្រើន ដោយសហការជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ អង្គការ JMAS នឹងបន្តធ្វើការបោសសម្អាត គ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ព្រមទាំងផ្តល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់ និងផ្តល់ ជំនួយផ្នែកកសិកម្ម។ យើងសង្ឃឹមថា គម្រោងនេះ នឹងជួយកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជា ជនដែលបណ្តាលមកពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាជន នៅតំបន់ទាំងនោះ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍មូលដ្ឋាន។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងនេះ ក៏នឹងរួមចំណែកដល់ការសម្រេចបាននូវ”ការលប់បំបាត់តំបន់ដែលមានគ្រាប់បែបចង្កោម”ដែលជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងដំណាក់កាលទី II យើងសង្ឃឹមថា តាមរយៈការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹង សមត្ថភាពអនុវត្តទាក់ទងនិងការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ នឹងដំណើរការបានលឿន និងសុវត្ថិភាព ជាងមុន មិនត្រឹមតែនៅក្នុងខេត្តស្ទឹងត្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ដែលមាននៅសល់ គ្រាប់មិនទាន់ផ្ទុះផ្សេងទៀតផងដែរ។
ឯកឧត្តម បានសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិង កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទោះយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយ ចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមាន ការបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដូចជា សុខភាព ការអប់រំ និងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរ ជាតិរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហានានា។

បើតាមសុន្ទរកថាលោក URANO Shigeyuki ប្រធានតំណាងអង្គការ JMAS បានថ្លែងថា «JMAS» បាននឹងកំពុងធ្វើសកម្មភាពប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០២មកម្លេះ ក្នុងការបោសសម្អាត មីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានកិច្ចសហប្រតិបត្តិការជាដៃគូរយ៉ាងស្អិតរមួត ជាមួយនិងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា «CMAC» និងរួមមានទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ។ គម្រោងនេះត្រូវបានអនុម័តជាថ្មី អនុញ្ញាតិអោយយើង បានអនុវត្តប្រតិបត្តិការគម្រោងបន្តរបស់ខ្លួនតទៅមុខទៀត ។ លោកបានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ ចំពោះការភារៈកិច្ចរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ពីមុនៗមក ដែលតែងតែខិតខំផ្ដល់នូវការគាំទ្រដល់អង្គការ JMAS ជារៀងរហូតមក ។
សូមជម្រាបផងដែរថា៖ ចរិកប្រតិបត្តិការរបស់គម្រោង PRCS នេះ គឺជាគម្រោងដែលមានទីតាំងនៅក្នុងខេត្តស្ទឹង ត្រែង ដែលជាខេត្តមួយដែលមានផ្ទៃដីភាគច្រើនកំពុងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ។ ដើម្បីជម្រុញអោ យប្រតិបត្តិការបោសសម្អាតគ្រាប់អនុវត្តទៅបានលឿន និងមានសុវត្ថិភាព យើងបាននឹងកំពុងធ្វើការប្រើប្រាស់គ្រឿង ចក្រកំទេច និងបំផ្ទុះគ្រាប់បែកចង្កោម ដែលត្រូវបានរកឃើញ ។ លើសពីនេះទៀត គម្រោងនេះនឹងប្រើប្រាស់ម៉ាស៊ីនរាវ រកគ្រាប់បែក ដែលមានប្រសិទ្ធិភាពខ្ពស់ អាចរាវរកគ្រាប់បែកចង្កោមដែលបានទម្លាក់រាយប៉ាយដោយយន្តហោះ បានយ៉ាងឆាប់រហ័ស ។

ចំពោះផ្នែកកសិកម្មវិញ ដើម្បីបង្កើនទិន្នផលដំណាំ ក្នុងតំបន់ដែលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យើងមានសកម្មភាពផ្តល់ចំណេះដឹងបច្ចេកទេសកសិកម្មផ្សេងៗ ដូចជា៖ របៀបប្រើប្រាស់ជី របៀប លើករងដំណាំ និងការជ្រើសរើសដំណាំដាំដុះអោយសមស្របទៅនិងតំបន់ តាមរយៈកម្មវិធីបណ្តុះបណ្តាលនិងការចុះ បង្រៀនដោយផ្ទាល់ជូនដល់ប្រជាកសិករតាមមូលដ្ឋាន ។ ដូចនេះ ប្រជាជនអាចរស់នៅប្រកបដោយសុខសុវត្ថិភាពនិង ជួយកាត់បន្ថយភាពក្រីក្រ ព្រមទាំងអាចជួយស្ដារសេដ្ឋកិច្ច និងកសិកម្មមូលដ្ឋានឡើងវិញ តាមរយៈការគាំទ្រពីទីប្រឹក្សា បច្ចេកទេសកសិកម្មជប៉ុន ។
លើសពីនេះ ចាប់ពីនិទាឃរដូវនេះតទៅ(ជេម៉ាស់)នឹងអនុវត្តគម្រោងឯករាជ្យផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយមានជំនួយពីក្រុមហ៊ុនដៃគូរ ដើម្បីបោសសម្អាតមីននៅក្នុងខេត្តបាត់ដំបង ជាតំបន់ដែលរងការប៉ះពាល់គ្របដណ្ដប់ដោយសារដ៏មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ទោះបីជាគម្រោងប្រតិបត្តិការមានទ្រង់ទ្រាយតូចក្ដី យើងនឹងធ្វើការបោសសម្អាតមីនដោយប្រើប្រាស់គ្រឿងចក្រវាយកំទេចមីនរួមបញ្ចូលគ្នាជាមួយនិងកំលាំងមនុស្ស ។
យើងខ្ញុំទាំងអស់គ្នា ពីពេលនេះ ចាប់ផ្តើមគម្រោង PRCS (ដំណាក់កាលទី២) នៅខេត្តស្ទឹងត្រែង យើងមាន បំណងធ្វើការដោយស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដូចដែលយើងបានធ្វើនៅក្នុង សកម្មភាពពីមុនៗរបស់យើង ដើម្បីចូលរួមចំណែកដល់សន្តិភាព និងមានស្ថេរភាព ដល់ប្រជាជនដែលរស់នៅក្នុង តំបន់នេះ និងការអភិវឌ្ឍវិបុលភាពបន្ថែមទៀតនៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×