Thursday, February 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតជប៉ុន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពនៃនីតិវិធីរបស់កម្ពុជា ឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)

ភ្នំពេញ ៖ ស្ថានទូតជប៉ុននៅកម្ពុជា Embassy of Japan in Cambodia បានឲ្យដឹងពីវឌ្ឍនភាពនៃនីតិវិធីរបស់កម្ពុជាឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ” ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវឌ្ឍនភាពនៃនីតិវិធី ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅកម្ពុជា រួមទាំងការអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា (ថ្ងៃទី ២១ ខែមករា) និងរដ្ឋសភា (ថ្ងៃទី ១៦ ខែមករា)។”

រដ្ឋាភិបាលជប៉ុន រួមទាំងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញា UNCLOS តាមរយៈការរៀបចំសិក្ខាសាលាដោយមានអញ្ជើញអ្នកជំនាញ និងមធ្យោបាយផ្សេងៗទៀត។ រដ្ឋាភិបាលជប៉ុននឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់សមុទ្រដោយសេរី និងបើកចំហ ដែលផ្អែកលើច្បាប់អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញា UNCLOS ហើយនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់យល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន បីមាត្រា។
ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូល​ជា​ធរមាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេសចំនួន១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវ​ដែល​ជាប្រទេសមិនជាប់សមុទ្រ​ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ។ ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។
អនុសញ្ញានេះកំណត់អំពីក្របខណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានាសម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប។
ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រ ទទួលបាននូវ​ក្របខណ្ឌ​ច្បាប់​សមុទ្រ​មួយពេញលេញ សម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួម​បោះ​ឆ្នោត​ជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។
អង្គរដ្ឋសភា បានធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ខាងលើតាមនីតិវិធី ដែលជាលទ្ធផល អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រមលើអនុសញ្ញា​អង្គការ​សហ​ប្រជាជាតិស្ដីពីនីតិសមុទ្រ ជាឯកច្ឆន្ទ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភាបានអនុម័តយល់ព្រមលើរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ចំនួន១ ដោយទទួលបាន ១១៤ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

អង្គសភាបានបន្តនីតិវិធីទៅតាមរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ដោយមានការពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ» មាន ភ្ជាប់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មានចំនួន១៧ជំពូក ចែកជា ៣២០មាត្រា និងឧបសម្ព័ន្ធ ចំនួន៩ ដែលកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។

ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រដូចខាងក្រោម៖

– ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រក្នុងនាមជាប្រទេសជាប់សមុទ្រ

– ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជាដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម

– ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានានិងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើស សមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិរួមនឹងចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ

– ទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយការបច្ចេកទេសរួមទាំងជំនួយការផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធ នឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រនិងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធ នឹងអនុសញ្ញានេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×