ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដែលមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៨៣នាក់ មកពី៥៣ស្ថាប័ន។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលពិសេសខាងលើ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា នៅពេលកើតមានគ្រោះថ្នាក់ ឬជំងឺភ្លាមៗ ជនរងគ្រោះតែងត្រូវការការសង្គ្រោះបឋមបន្ទាន់ មុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះ ការបណ្ដុះបណ្ដាលឲ្យអ្នកសារព័ត៌មានយល់ដឹងអំពីវិធីសង្គ្រោះបឋម គឺមានសារៈសំខាន់ណាស់ ព្រោះពួកគេអាចជួបប្រទះករណីគ្រោះថ្នាក់ជាញឹកញាប់ រួមទាំងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចគំរាមកំហែងដល់ជីវិតជនរងគ្រោះ។
លោកបន្ថែមថា ទោះបីអ្នកសារព័ត៌មានមិនមែនជាគ្រូពេទ្យ ឬអ្នកសង្គ្រោះជំនាញក៏ដោយ ប៉ុន្តែការមានចំណេះដឹងសង្គ្រោះបឋម អាចជួយបន្តអាយុះជីវិតជនរងគ្រោះបានមួយផ្នែក រហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់ ហេតុនេះ ការចូលរួមវគ្គបណ្ដុះបណ្ដាលបែបនេះ គឺមានភាពចាំបាច់ខ្លាំង។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត និន ចាន់ថា ប្រធានផ្នែកគ្រប់គ្រងរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើកឡើងថា ការសង្គ្រោះបឋម មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលតែប៉ុណ្ណោះទេ ប្រជាពលរដ្ឋទូទៅក៏អាចរៀន និងអនុវត្តជំនាញនេះ ដើម្បីជួយសង្គ្រោះអ្នកដទៃ ឬសមាជិកគ្រួសាររបស់ខ្លួនបានផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី
















