Saturday, February 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចាត់ទុកអូស្ត្រាលីជាដៃគូគួរឱ្យទុកចិត្ត ដែលបានឆ្លុះបញ្ចាំងតាមរយៈ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី លើវិស័យនានាដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងបានសម្តែងការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក៏ដូចជាស្វែងរកកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យឈានឡើងថែមមួយកម្រិតទៀត។ កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជានយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអប់រំ ត្រូវបានលើកទ្បើងនៅក្នុងជំនួបនេះ។  ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ដូចជាបញ្ហាតំបន់ ដែលជាក្ដីកង្វល់រួមផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកអូស្ត្រាលីជាដៃគូគួរឱ្យទុកចិត្ត ដែលបានឆ្លុះបញ្ចាំងតាមរយៈ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី លើវិស័យនានាដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការប្រាស្រ័យទាក់ទង រវាងប្រជាជននិងប្រជាជន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ ទស្សនកិច្ចថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីជាទៀងទាត់ ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក៏ដូចជា លើកកម្ពស់ភាពជាដៃគូឈានឡើងមួយកម្រិតថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៅតាម បណ្ដោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងបទ ឈប់បាញ់ និងបញ្ចៀសរាល់សកម្មភាពទាំងណាដែលបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនទាំងសងខាង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×