Friday, February 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងវៀណាម បានឯកភាពគ្នាលើការពង្រីកទំហំពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត ដែលគោលដៅនៃថ្នាក់ដឹកនាំទាំងពីរ គឺចង់ឱ្យបានសម្រេច២០ពាន់លានដុល្លារ នៅពេលខាងមុខ

ភ្នំពេញ ៖ នៅវិមាន៧មករា ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបប្រជុំនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកកាន់កម្ពុជានៅពេលនេះ។ ភាគីទាំងពីរបានបង្ហាញនូវចំហនៃការសាមគ្គីគ្នាដែលឆ្លុះបញ្ចាំងថាកិច្ចប្រជុំកំពូលនាពេលនេះ បានបញ្ជាក់អំពីស្មារតីនៃការសាមគ្គីគ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម។

សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងគណបក្សទាំងពីរដែលផ្សំជាមួយគ្នាទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងស្ថាប័ននីតិប្បញ្ញត្តិផងដែរ។ សម្ដេចតេជោបានចែករំលែក នៅភាពរីកចម្រើននៃ ការវិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចែករំលែកព័ត៌មានមួយចំនួននៃស្ថានភាពតំបន់ និងពិភពលោក។

ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍បដិសណ្ឋារកិច្ចចំពោះឯកឧត្តម និងគណៈប្រតិភូនាពេលនេះ ប្រកបដោយភាពកក់ក្តៅ។ ឯកឧត្តមបានឯកភាពទៅនឹងអ្វីដែលសម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីទាំងនៅក្នុងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាលផង និងស្ថាប័ននីតិប្បញ្ញត្តិផង។ ឯកឧត្តមបានផ្ដល់តម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម។ ឯកឧត្តមបញ្ជាក់ថា វៀតណាមគាំទ្រឥតងាករេក្នុងការបង្កើតទំនាក់ទំនងងដ៏ល្អ រវាងកម្ពុជា និង វៀតណាមទាំងក្នុងក្របខ័ណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដែលនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ឯកឧត្តមបានពេញចិត្តចំពោះសន្តិសុខ សន្តិភាពនៅតាមព្រំដែន នៃប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អ ហើយឯកឧត្តមបានជំរុញឱ្យភាគីទាំងពីរធ្វើយ៉ាងណារក្សាបានទំនាក់ទំនងតាមព្រំដែននេះ និងកិច្ចសហប្រតិបត្តិការឱ្យល្អបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ជាពិសេសផ្ដល់ផលប្រយោជន៍ឱ្យប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តម តូ ឡឹម ទាក់ទងនឹងភាពរីកចម្រើននៃទំនាក់ទំនង ជាពិសេសនៅតាមព្រំដែនដែលកត្តាស្ថិរភាពសន្តិភាពនៅតាមព្រំដែននេះគឺជាកត្តាចម្បងណាស់ដែលភាគីទាំងពីរអាចរក្សាបានកន្លងមក និងបន្តពូនជ្រុំនិងពង្រីកបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។ភាគីទាំងពីរបាន ឯកភាពគ្នាទាំងស្រុងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការតាមព្រំដែនធ្វើយ៉ាងណាកុំឱ្យមានឧក្រិដ្ឋកម្មកើតឡើងហើយរក្សាស្ថានភាពព្រំដែនដូចបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងល្អ។

ចំពោះគណបក្សវិញភាគីទាំងពីរបានបញ្ជាក់ជំហរអំពី ការផ្លាស់ប្ដូរទំនាក់ទំនងជាពិសេសតាមរយៈទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃដល់ការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ ភាគីទាំងពីរបានជំរុញឱ្យ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរបន្តការពង្រីកទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកបទពិសោធន៍ ដល់អ្នកជំនាន់ក្រោយ ជាពិសេសដល់យុវជន ដើម្បីឱ្យយុវជននៃបក្សទាំងពីរ បានយល់គ្នាកាន់តែស៊ីជម្រៅបន្ថែមទៀត។

ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពង្រីកទំហំពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត ដែលគោលដៅនៃថ្នាក់ដឹកនាំទាំងពីរ គឺចង់ឱ្យបានសម្រេច២០ពាន់លានដុល្លារ នៅពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថារយៈពេល២ទៅ៣ឆ្នាំខាងមុខទៀត គោលដៅនេះ នឹងសម្រេចបាន ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅទាំងអស់នោះ។

បន្ទាប់ពីកិច្ចប្រជុំរួចហើយនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏អញ្ជើញជាអធិបតីក្នុងវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈទាក់ទងការបរទេសគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម។

និងបន្តមកទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់ស្វាគមន៍ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសូលីត ក្នុងឱកាសនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីសវៀតណាម និងកិច្ចប្រជុំកំពូលប៣គណបក្ស(កម្ពុជា-វៀតណាម-ឡាវ) ក្នុងបរិយាកាសរីករាយក្រៃលែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×