Saturday, February 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងវៀតណាម ចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម នៅកម្ពុជា

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និង សារធាណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់
ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆាំ្ន ២០២៦។

១. តបតាមការអញ្ជើញរបស់ ព្រះកុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
២. ក្នុងកំឡុងពេលទស្សនកិច្ចឯកឧត្តម អគ្គលេខាធិការ បានអញ្ជើញចូលគាល់ សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងមានជំនួប កំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងព្រះរាជ បរមនាមជាប្រមុខរដ្ឋ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអញ្ជើញបំពាក់កម្រងផ្កា និងគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។
៣. សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗនានា ដែលវៀតណាម សម្រេចបានក្នុងដំណើរការកសាងជាតិ កំណែទម្រង់ និងការអភិវឌ្ឍ ក៏ដូចជាការសម្រេចបានដ៏គួរឱ្យកត់ សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនសេដ្ឋកិច្ចជាង ៨% ក្នុងឆ្នាំ២០២៥។ សម្ដេចតេជោ បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការ យ៉ាងកក់ក្ដៅចំពោះជោគជ័យនៃមហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម លើកទី១៤ និងការជាប់ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម ជាអគ្គលេខាធិការន គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងអាណត្តិទី២។ សម្តេចតេជោ បានជូនពរ រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឱ្យសម្រេចបាននូវគោលដៅនៃការ ក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសឧស្សាហកម្មដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

៤. ឯកឧត្តមអគ្គលេខាធិការ បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលដ៏លេចធ្លោ ដែល រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រេចបានក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ក្នុងការ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តម បានជូនពរមហាប្រសើរដល់ព្រះរាជាណាចក្រ កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការសម្រេចបាននូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការក្លាយខ្លួនជាប្រទេសមាន
ចំណូលខ្ពស់នៅឆ្នាំ២០៥០។

៥. ក្នុងឱកាសទស្សនកិច្ចនេះ
ថ្នាក់ដឹកនាំកម្ពុជាបានថ្លែងអំណរគុណចំពោះវៀតណាមដែលផ្តល់ជំនួយ លើ វិស័យអប់រំ រួមទាំងសាលាមិត្តភាពកម្ពុជា-វៀតណាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលឆ្លុះបញ្ចាំង ពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
៦. ឯកឧត្តមអគ្គលេខាធិការ តូ ឡឹម ក៏បានជួបពិភាក្សាត្រង់ទៅត្រង់មកជាមួយថ្នាក់ដឹកនាំកម្ពុជា ដោយផ្តោតលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏កក់ក្ដៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមផងដែរ។
៧. ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើនជាវិជ្ជមាន នៃទំនាក់ទំនងដ៏ជិតស្និទ្ធ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំង សងខាងបានស្វាគមន៍ចំពោះការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់ជាបន្តបន្ទាប់ និងទំនាក់ទំនងនៅគ្រប់ កម្រិតលើគ្រប់វិស័យ ដែលបានពង្រឹងមិត្តភាពជាប្រពៃណីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។
៨. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវជំហរឥតងាករេ ក្នុងការផ្តល់សារៈសំខាន់ពិសេសចំពោះភាពជា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងប្រកបដោយ ស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ព្រមទាំងប្តេជ្ញាជួយ គាំទ្រគ្នាទៅវិញទៅមក ដើម្បីការ អភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាព។

៩. ក្នុងបរិបទនៃការវិវត្តក្នុងតំបន់ និងសកលលោកដ៏ស្មុគស្មាញ ភាគីទាំងពីរបានយល់កាន់តែស៊ីជម្រៅថា ភាពជាអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាមមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយហើយការជួយគ្នាទៅវិញទៅមកដើម្បីវិបុលភាពរួម សមភាព និងសន្តិសហវិជ្ជមាន គឺជាសច្ចភាពដ៏ គង់វង្សរបស់ប្រជាជាតិទាំងពីរ។
១០. ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដែលជា មូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាសេសសល់ និងការខ្វែងគំនិតគ្នា ដោយរក្សា បាននូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីជាទូទៅ ភាគីទាំងពីរបានឯកភាពលើគោលការណ៍សំខាន់ៗ ក្នុង
ការដោះស្រាយបញ្ហា ដោយមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីទូទៅ និងបានដាក់ចេញទិសដៅថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពេញលេញ និងមានប្រសិទ្ធភាព ដូចខាងក្រោម៖
(i) គោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីគា្នទៅវិញទៅមក ដោយមិនជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងផងគ្នា និងដោះស្រាយរាល់បញ្ហាទាំងអស់ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីចៀសវាងអ្នក ដទៃកេងយកប្រយោជន៍ ឬធ្វើឱ្យស្ថានភាពស្មុគស្មាញ;
(ii) ដោះស្រាយការខ្វែងគំនិតតាមរយៈកិច្ចសន្ទនាដោយត្រង់និងមានលក្ខណៈស្ថាបនា កិច្ចសហប្រតិបត្តិការ
ប្រកបដោយចេតនាល្អនិងស្មោះត្រង់ ផ្អែកលើការគោរពផលប្រយោជន៍ស្នូលស្របច្បាប់របស់ប្រទេស នីមួយៗ ការកសាងបន្ថែមលើចំណុចរួម ហើយទន្ទឹមនេះកាត់បន្ថយ ភាពខុសគ្នាឲ្យនៅតិចបំផុត; (iii) បង្កើនការចែករំលែកព័ត៌មាន និងជំរុញការពិគ្រោះយោបល់ឱ្យទាន់ពេលវេលាលើបញ្ហាដែលជា ផលប្រយោជន៍រួម ជាពិសេសបញ្ហាពាក់ព័ន្ធនឹងព្រំដែនជាតិ សហគមន៍ កម្មវិធី និងគម្រោងសហ ប្រតិបត្តិការនានា;
(iv) រក្សានូវកុងសង់ស៊ុសមិនអនុញ្ញាតឱ្យបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាទូទៅ កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឬសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ;
(v) លើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលគ្នាក្នុងស្មារតីស្ថាបនា និងប្រកបដោយទំនួល ខុសត្រូវ ព្រមទាំងដោះស្រាយរាល់បញ្ហាដែលកើតឡើងឱ្យបានទាន់ពេលវេលា ដើម្បីពង្រឹងទំនុកចិត្ត និងរក្សាទំនាក់ទំនងទ្វេភាគីឱ្យឋិតថេរ និងយូរអង្វែង។
១១. ភាគីកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជន វៀតណាម ក្នុងការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ក្នុង ទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ និងការគាំទ្ររបស់វៀតណាមចំពោះការកសាង និងការអភិវឌ្ឍកម្ពុជា។ ភាគីវៀតណាមបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់ប្រជាជនកម្ពុជាក្នុងការតស៊ូ
ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពរបស់វៀតណាមនៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ និងការគាំទ្ររបស់កម្ពុជាចំពោះការកសាង និងការអភិវឌ្ឍវៀតណាម។ ក្នុងន័យនេះ ភាគី ទាំងពីរបានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីនេះ ដោយគូសបញ្ជាក់ថាទំនាក់ ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម នៅតែរឹងមាំឋិតថេរ និងមិនផ្លាស់ប្ដូរ ទោះបីជាសភាពការណ៍ តំបន់ និងអន្តរជាតិមានការវិវត្តយ៉ាងខ្លាំងក្លា និងស្មុគស្មាញក៏ដោយ។

១២. ភាគីទាំងពីរបានប្តេជ្ញាពង្រឹងការបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចទ្វេភាគី និង តំបន់ ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្ម និងកសិ-កែច្នៃ ថាមពល និងឡូជីស្ទីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែន ព្រមទាំងសម្រប សម្រួលរំហូរទំនិញ សេវាកម្ម និងការវិនិយោគ រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យរលូន។ ១៣. ដោយឃើញពាណិជ្ជកម្មទ្វេភាគីមានសន្ទុះរីកចម្រើននាពេលថ្មីៗនេះ និងការប្ដេជ្ញាសម្រេចឱ្យបានគោលដៅ ពាណិជ្ជកម្មទ្វេភាគីចំនួន២០ប៊ីលានដុល្លារអាម៉េរិកនៅពេលអនាគត ភាគីទាំងពីរបានឯកភាព ជំរុញ និងសម្របសម្រួល ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបន្ថែមទៀត។ ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈ សំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីឆ្នាំ
២០២៥-២០២៦ កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន និងកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ទំនិញ ក៏ដូចជា កិច្ចព្រមព្រៀងឯទៀតដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

១៤. ភាគីទាំងពីរបានស្វាគមន៍ការសម្ពោធជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ និងបានឯកភាពពន្លឿនការដាក់បញ្ចូលច្រកទ្វារព្រំដែនអន្តរជាតិនេះទៅក្នុង ប្រភេទច្រកទ្វារព្រំដែនសម្រាប់ការដឹកជញ្ជូនឆ្លងកាត់ តាមរយៈការចុះហត្ថលេខាលើពិធីសារវិសោធនកម្ម កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៣។ ភាគីវៀតណាមក៏បានឯកភាពជំរុញការដំឡើងកម្រិតច្រកទ្វារ ទ្វេភាគីជ្រៃធំ (ខេត្តកណ្តាល) – ខាញ់ប៊ិញ (ខេត្តអានយ៉ាង) ឱ្យទៅជាច្រកទ្វារព្រំដែនអន្តរជាតិ និង បើកច្រកផ្លូវទឹកថ្មីនៅតំបន់ខាញ់ប៊ិញ។ ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ច
អនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាមស្តីពីការដឹកជញ្ជូនផ្លូវទឹកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៩ និង វិសោធនកម្មកិច្ចព្រមព្រៀងនេះនៅឆ្នាំ២០១៩។ ក្នុងន័យនេះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធនៃប្រទេសទាំងពីរសហការគ្នាជិតស្និទ្ធ ដើម្បីសម្រួលនីតិវិធីដឹកជញ្ជូនឆ្លងដែននៅតាមច្រកទ្វារ ព្រំដែនអន្តរជាតិនានា។ ភាគីទាំងពីរក៏បានឯកភាពពន្លឿនការកំណត់ចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ហូជីមិញ-ម៉ុកប។

១៥. ដោយមានកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ភាគីទាំង ពីរបានបន្តការពិភាក្សាអំពីការសិក្សារួមគ្នាលើយន្តការសេដ្ឋកិច្ចថ្មី ដើម្បីភ្ជាប់សេដ្ឋកិច្ចកម្ពុជានិង វៀតណាម ដោយផ្អែកលើផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមដល់ឆ្នាំ២០៣០។

១៦. ភាគីទាំងពីរប្តេជ្ញាបន្ដធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចផ្ដល់ការលើកទឹកចិត្ត និង គាំទ្រដល់ធុរកិច្ចរបស់ប្រទេសរៀងខ្លួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល និងបំពេញឱ្យគ្នា រួមមាន ទូរគមនាគមន៍ កសិកែច្នៃ និងកសិពាណិជ្ជកម្ម ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល ហិរញ្ញវត្ថុ និងធនាគារ និងទេសចរណ៍។ ភាគីទាំងពីរប្តេជ្ញាជំរុញ សកម្មភាពវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ដើម្បីឈានដល់គោលដៅពាណិជ្ជកម្ម២០ប៊ីលានដុល្លារ អាម៉េរិកក្នុងពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងសក្តានុពល វិសាលភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។

១៧. ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយបានប្ដេជ្ញាបន្តធ្វើកិច្ចសហការនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ហើយបានឯកភាព ពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរឱ្យបានខ្លាំងក្លា រួមទាំងការកសាងសមត្ថភាព។
ភាគីទាំងពីរបន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់
ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។
១៨. ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការសហប្រតិបត្តិការគាំពារពលរដ្ឋរបស់ប្រទេស ទាំងពីរតាមអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦៣ ស្តីពីទំនាក់ទំនងកុងស៊ុល ភាគីវៀតណាមបានថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ និងមិនរើសអើងចំពោះប្រជាជនដើម
កំណើតវៀតណាមដែលកំពុងរស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ
ភាគីទាំងពីរបាន ឯកភាពជួយសម្របសម្រួលដល់ពលរដ្ឋដែលកំពុងស្នាក់នៅ សិក្សា ធ្វើការងារ និងប្រកបអាជីវកម្ម ស្របច្បាប់នៅក្នុងប្រទេសរៀងៗខ្លួន។
១៩. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបន្តកិច្ចខិតខំប្រឹងប្រែរបស់គណៈកម្មការចម្រុះព្រំដែន (JBC)
កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញ ទៅមកលើការងារខណ្ឌសីមាព្រំដែនគោកដែលនៅសេសសល់ប្រមាណ ១៦% ដោយផ្តល់អាទិភាពលើ ការដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេស ទាំងពីរបានចុះហត្ថលេខា ក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរវាងកម្ពុជានិងវៀតណាម។ ភាគីទាំងពីរបានឯកភាពពន្លឿនដំណើរការរៀបចំ ការចរចា និងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោក និង កិច្ចព្រមព្រៀងស្តីពី ការគ្រប់គ្រងព្រំដែនគោក ដើម្បីជំនួសឱ្យកិច្ចព្រមព្រៀងឆ្នាំ ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែន ក្នុងពេលខាងមុខ។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើបញ្ហាពាក់ព័ន្ធនឹងសមុទ្រ។ ក្នុងអំឡុង ពេលរង់ចាំការកំណត់ព្រំដែនសមុទ្រ ភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងព្រំដែន រួមទាំងកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ស្តីពីតំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា- វៀតណាម។

២០. ភាគីទាំងពីរបានឯកភាពពង្រឹងទំនុកចិត្តនិងការយល់គ្នាទៅវិញទៅមក ដោយផ្ដោតលើសារៈសំខាន់ន ការផ្សព្វផ្សាយព័ត៌មាន ការប្រាស្រ័យទាក់ទង និងការអប់រំពាក់ព័ន្ធនឹងប្រពៃណីនៃទំនាក់ទំនងទ្វេភាគី ទៅកាន់ប្រជាជនរបស់ខ្លួនគ្រប់ស្រទាប់នៅក្នុងសង្គម ជាពិសេសក្នុងចំណោមយុវជន ដើម្បីឱ្យពួកគេ យល់ដឹងឱ្យបានត្រឹមត្រូវអំពីប្រវត្តិនៃមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាព ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សា និងកែលម្អឡើងវិញ “ស្តូបមិត្តភាពកម្ពុជា-វៀតណាម” ដែល ត្រូវបានចាត់ទុកជាតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាននិងអាចរួមចំណែកលើការអប់រំអំពីប្រពៃណី ពង្រឹងមូលដ្ឋានគ្រឹះសង្គម និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដើម្បីឈានទៅកាន់មាគ៌ាប្រកបដោយ ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង។
២១. ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងខាងវិស័យអប់រំ និងបណ្តុះបណ្តាលជាមួយនឹងទស្សន វិស័យវែងឆ្ងាយ ដោយមើលឃើញការអប់រំ និងបណ្ដុះបណ្តាលគឺជាស្ពានដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ យុវជន និងពង្រឹងការយោគយល់ពីគ្នា ទំនុកចិត្ត និងមិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយន ប្រទេសទាំងពីរ។ ភាគីទាំងពីរបានប្ដេជ្ញាសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការនេះឱ្យបានខ្លាំងក្លាតាម ដែលអាចធ្វើបាន រួមទាំងតាមរយៈការផ្ដល់អាហារូបករណ៍ ស្របតាមអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការអប់រំដែលមានស្រាប់ រវាងក្រសួងអប់រំ នៃប្រទេសទាំងពីរ។

២២. ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ។ កម្ពុជាបាន សម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលបានបន្តផ្តល់សេវាថែទាំសុខភាព និងការ ព្យាបាលសម្រាប់អ្នកជំងឺកម្ពុជាដូចគ្នានឹងពលរដ្ឋវៀតណាម នៅក្នុងមន្ទីរពេទ្យរដ្ឋធំៗនៅទីក្រុងហូជីមិញ និងខេត្តជាប់ព្រំដែន ស្របតាមគម្រោងបង់ប្រាក់របស់មន្ទីរពេទ្យវៀតណាម សម្រាប់អ្នកជំងឺដែលគ្មាន ប័ណ្ណធានារ៉ាប់រង និងស្របតាមបទប្បញ្ញត្តិរបស់វៀតណាម។
ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញវិជ្ជាជីវៈសុខាភិបាល ភាគីទាំងពីរបានឯកភាពពិភាក្សា អំពីលទ្ធភាពក្នុងការផ្ដល់ការកសាងសមត្ថភាពដល់និស្សិតវេជ្ជសាស្ត្រកម្ពុជា ដែលសិក្សានៅវៀតណាម ដោយអនុញ្ញាតឱ្យពួកគេបន្តអនុវត្តការបណ្ដុះបណ្ដាលផ្នែកព្យាបាលជាក់ស្ដែង នៅមន្ទីរពេទ្យវៀតណាម បន្ទាប់ពីបញ្ចប់ការសិក្សា ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់វៀតណាម។

២៣. ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន វប្បធម៌ កីឡា ទេសចរណ៍ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម និងនេសាទ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) និងសេដ្ឋកិច្ចឌីជីថល ដើម្បីពង្រឹងភាពជាដៃគូ ការបំពេញបន្ថែម និង វិបុលភាពរួម។ ភាគីទាំងពីរនឹងខិតខំបំពេញនីតិវិធីផ្ទៃក្នុងរៀងខ្លួន ពាក់ព័ន្ធនឹងសន្ធិសញ្ញាអង្គការសហ ប្រជាជាតិស្តីពីឧក្រិដ្ឋកម្មសាយប័ (cyber-crime) និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រ ដោយទទួលស្គាល់ថាការចូលជាធរមាននៃសន្ធិសញ្ញានេះបានឆាប់ រហ័សនឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងវិស័យនេះ។
២៤. ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនរៀងៗខ្លួនបន្តជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មតាមព្រំដែន វប្បធម៌ និងសិល្បៈ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និង សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយការខ្វែងគំនិតគ្នា និងចៀសវាងធ្វើសកម្មភាពណាមួយ ដែលនាំឲ្យការខ្វែងគំនិតគ្នាកាន់តែស្មុគស្មាញ ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងល្អ និងផល ប្រយោជន៍ទៅវិញទៅមក ដើម្បីរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសង្គម និង កិច្ចសហការលើវិស័យផ្សេងទៀតរវាងប្រទេសទាំងពីរ ស្របតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាង ប្រទេសទាំងពីរ ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិនានានៃប្រទេសនីមួយៗ។

២៥. ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការពង្រឹងមជ្ឈភាព និងសាមគ្គីភាព របស់អាស៊ាន និងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ឱ្យបានពេញលេញ និងមាន ប្រសិទ្ធភាព ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតសំខាន់ទៅលើប្រជាជន រឹងមាំ ច្នៃប្រឌិត និងស្វាហាប់។ ក្នុងន័យនេះ ភាគីទាំងពីរបានតាំងចិត្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយ ប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីប្រកាន់ខ្ជាប់ការប្ដេជ្ញារួមគ្នាក្នុងការរក្សានិងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈគោលបំណង និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងលិខិតូបករណ៍អាស៊ានផ្សេងទៀត និងច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសន្ទនាដោយសន្តិវិធី ការពិគ្រោះយោបល់ដោយស្ថាបនា ការកសាងទំនុកចិត្ត និងការខន្តីអត់ធ្មត់ ដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហ
ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។
២៦. ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងក្របខណ្ឌគណៈកម្មការទន្ល មេគង្គ និងយន្តការពាក់ព័ន្ធដទៃទៀត និងជាមួយប្រទេសនានាតាមដងទន្លេមេគង្គ និងដៃគូអភិវឌ្ឍន៍ដើម្បីការគ្រប់គ្រង ការប្រើប្រាស់ ការអភិវឌ្ឍ និងអភិរក្សទឹក និងធនធានពាក់ព័ន្ធនៃអាងទន្លេមេគង្គ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាប្រកាន់ខ្ជាប់ យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៃអាងទន្លេមេគង្គ និងនីតិវិធី និងគោលការណ៍ណែនាំនានា។ ភាគីទាំងពីរក៏បាន ឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអនុតំបន់មេគង្គ ដើម្បីជំរុញ យន្តការសហប្រតិបត្តិការមេគង្គ ដែលនឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអនុតំបន់ និងតំបន់ទាំងមូល។

២៧. ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវគោលជំហរជាគោលការណ៍របស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូង។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និង សេរីភាពក្នុងការធ្វើនាវាចរណ៍ និងហោះហើរលើអាកាសនៅសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបាន បញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការបង្កើនទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ប្រកាន់ភាពអត់ ធ្មត់ក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ និងតម្រូវការក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធីដោយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្ត
សេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង(DOC)ទាំងស្រុងឲ្យបាន
ពេញលេញ និងមានប្រសិទ្ធភាព ហើយទន្ទឹងរង់ចាំការបញ្ចប់ការចរចារឱ្យបានឆាប់នូវក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង(COC) ដែលមានប្រសិទ្ធភាព និងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញា UNCLOS ឆ្នាំ១៩៨២។

២៨. ឯកឧត្ដមអគ្គលេខាធិការ តូ ឡឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានអញ្ជើញឯកឧត្តមមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចំពោះថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងប្រជាជនកម្ពុជា ដែលបានផ្ដល់ បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់គណៈប្រតិភូជាន់ខ្ពស់វៀតណាម។ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើសុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាមក្នុងពេលវេលាសមស្រប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×