Saturday, February 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ

ព្រះបរមរាជវាំង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ។​

ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ថងលុន ស៊ីសុលីត(Thongloun Sisoulith) ត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំង ដោយមានទទួលដោយកងកិត្តិយសត្រែទ័ព ជាមួយការគោរពភ្លេងជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឡាវ និងភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមលំនាំនៃការទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនថ្នាក់ដឹកនាំនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដោយដឹងថា ដំណើរបំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ឯកឧត្តម ថងលុន ស៊ីសុលីត ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រ​កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នឹងអញ្ជើញដាក់កម្រង​ផ្កាគោរព​វិញ្ញាណ​ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

ក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះឯកឧត្តម ថងលុន ស៊ីសុលីត ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខណ្ឌបក្សនយោបាយ ឯកឧត្តម ថងលុន ស៊ីសុលីត នឹងមានជំនួប​ទ្វេភាគីជា​មួយ​សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយក៏មានជំនួបត្រីភាគី​រវាងសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ថងលុន ស៊ីសុលីត និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) នាពេលនេះ គឺជាការពង្រឹងបន្ថែម​នូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេស​ទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ» ដើម្បីការ​អភិ​វឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×