ខេត្តត្បូងឃ្មុំ៖ “ពិធីបុណ្យចាប់ត្រីតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណមកដល់សព្វថ្ងៃនេះមានអាយុកាលជាង២០០ឆ្នាំហើយ ដោយរាល់ឆ្នាំមានប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី មកពីគ្រប់ទិសទីប្រដាប់ដោយឧបករណ៍នេសាទអង្រុត ឈ្នាង បានមកចូលរួមចាប់ត្រីនៅត្រពាំងក្រម ក្នុងឃុំជាំក្រវៀន ស្រុកមេមត់ សប្បាយរីករាយ។”នេះបើតាមការឲ្យដឹងពីលោកអ៊ួច យឿន មេឃុំជាំក្រវៀនមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កុម្ភៈឆ្នាំ២០២៦ ។ ជាមួយនោះអាជ្ញាធរក៏បានត្រៀមលក្ខណៈសម្បត្តិពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមកំសាន្តលេង។
សូមបញ្ជាក់ថា: នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងផ្ទាល់ នៅតំបន់ត្រពាំងក្រម ។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការឱ្យបានហ្មត់ចត់ សម្រាប់ “ពិធីចាប់ត្រីបែបបុរាណ” សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនភ្ញៀវទេសចររាប់ម៉ឺននាក់ ដែលនឹងមកចូលរួមនាថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់(valentine’s day)។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលស្រុកមេមត់ អាជ្ញាធរឃុំជាំក្រវៀន និងបងប្អូនសហគមន៍មូលដ្ឋានផងដែរ។
លោកគន់ រ័ត្នមុនី អភិបាលរងខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖
១. ស្ថានភាពធនធានធម្មជាតិ៖ ពិនិត្យកម្ពស់ទឹក និងបរិមាណត្រីក្នុងត្រពាំង ដើម្បីធានាថាការកម្សាន្តរបស់ពលរដ្ឋប្រព្រឹត្តទៅដោយភាពរីករាយ និងសម្បូរបែប។
២. សន្តិសុខនិងសណ្តាប់ធ្នាប់៖ រៀបចំផែនការការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរំពឹងថានឹងមកចូលរួមយ៉ាងកុះករ។
៣. ហេដ្ឋារចនាសម្ព័ន្ធបម្រើការកម្សាន្ត៖ ការរៀបចំចំណតយានយន្តឱ្យមានរបៀបរៀបរយ និងការរៀបចំបន្ទប់ទឹកអនាម័យ ដើម្បីផ្ដល់ភាពងាយស្រួលបំផុតដល់សាធារណជន។
ក្នុងឱកាសនោះលោកគន់ រ័ត្នមុនី អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់លើការរក្សាឱ្យបាននូវទម្រង់ដើមនៃ “ការចាប់ត្រីបែបបុរាណ”។ លោកបានណែនាំដល់អាជ្ញាធរ និងកងកម្លាំង ត្រូវហាមឃាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទទំនើប ឬឧបករណ៍ល្មើសច្បាប់ផ្សេងៗ។ អ្នកចូលរួមទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍ដែលច្នៃពីឫស្សីតាមបែបបុរាណប៉ុណ្ណោះ រួមមាន៖ អង្រុត ឈ្នាង និងទ្រក ជាដើម ដើម្បីបង្ហាញពីតម្លៃនៃវប្បធម៌ និងការរស់នៅចុះសម្រុងជាមួយធម្មជាតិរបស់ដូនតាខ្មែរ។
សូមបញ្ជាក់ថា “ត្រពាំងក្រម” គឺជាតំបន់ប្រវត្តិសាស្ត្រធម្មជាតិដ៏សំខាន់មួយក្នុងស្រុកមេមត់ ដែលមានផ្ទៃជម្រាលប្រមូលទឹកដល់ទៅ ៣០ហិកតា និងមានត្រពាំងតូចៗជាសាខាចំនួន ២០ទៀត។ តំបន់នេះសម្បូរទៅដោយរុក្ខជាតិលិចទឹក ដែលជាជម្រកត្រីធម្មជាតិយ៉ាងល្អប្រសើរ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែកុម្ភៈ ប្រជាពលរដ្ឋតែងតែរៀបចំពិធីនេះឡើង ដើម្បីចាប់ត្រីយកមកចម្អិនអាហារហូបជុំគ្នា បង្កើតបានជាបរិយាកាសសាមគ្គីភាព និងភាពសប្បាយរីករាយជួបជុំបែបមិត្តភក្កិនិងក្រុមគ្រួសារ មានអ្នកខ្លះដាក់បាសរាំកំសាន្តសប្បាយលេងទៀតផង។
ពិធីចាប់ត្រីបែបបុរាណនៅត្រពាំងក្រម មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនដល់កូនខ្មែរជំនាន់ក្រោយ ឱ្យរួមគ្នាថែរក្សាមរតកវប្បធម៌ និងធនធានធម្មជាតិឱ្យបានគង់វង្សទៅថ្ងៃអនាគតដើម្បីឲ្យកូនចៅជំនាន់ក្រោយរក្សានៅប្រពៃណីបែបបុរាណមួយនេះ កាលពីជំនាន់ដើមមនុស្សម្នាមកពីគ្រប់ទិសទីដោយបរទេះគោ តែសព្វថ្ងៃនេះប្រជាជនមានយានជំនិះតូចធំទំនើបជិះមកកម្សាន្តលេង ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




























